(ព្រះសីហនុ)៖ កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ដែលបានរៀបចំកាលពីព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០១៩នេះ ផ្ដោតសំខាន់លើគោលនយោបាយអភិវឌ្ឍន៍ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំនេះ ដោយមានវត្តមាន អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តជាច្រើនស្ថាប័នទៀតបានចូលរួម។
លោក ជាម ហ៊ីម លេីកឡេីងថា កិច្ចប្រជុំនេះ បានផ្ដោតជាសំខាន់ទៅលើការពិភាក្សាអំពីគោលការណ៍ណែនាំ គោលនយោបាយសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងខេត្តព្រះសីហនុទាំងមូល ឲ្យបានប្រសើរថែមទៀត។
លោកបន្តថា កិច្ចប្រជុំនេះ ក៏បានវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ដែលសហប្រតិបត្តិការ គ្នា ការពារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ មានការទទួលខុសត្រូវខ្ពស់ និងស្របតាមគោលនយោបាយ ភូមិឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្ត។
ព្រមជាមួយគ្នានេះ លោក ជាម ហ៊ីម បញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី៥៨ អាណត្តិទី២ឆ្នាំ២០១៩នេះ ក៏បានបង្ហាញអំពីចំណុចខ្វះខាតមួយចំនួន ដែលស្ថាប័នរដ្ឋខ្លះ នៃរដ្ឋបាលខេត្តព្រះសីហនុ មិនទាន់បានបំពេញ តាមតម្រូវការអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្តព្រះសីហនុនៅឡើយ។
ត្រង់ចំណុចនេះ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក៏បានជំរុញឲ្យអាជ្ញាធរខេត្ត ក៏ដូចមន្ត្រីទទួលខុសត្រូវតាមបណ្ដាមន្ទីរអង្គភាពនានា ត្រូវខិតខំបន្តទៀត ដើម្បីជំរុញក្នុងមូលដ្ឋានខេត្តព្រះសីហនុ មានដំណើការអភិវឌ្ឍន៍ប្រព្រឹត្តទៅបានរលូន ស្របតាមផែនការដែលបានកំណត់៕