(ក្រចេះ)៖ ក្នុងពិធីសំណេះសំណាល ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា បងប្អូនស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារ។
ពិធីសំណេះសំណាល ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ រៀបចំធ្វើឡើងក្រោមវត្ដមាន លោក នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីអភិបាលរងខេត្ត លោក-លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត។ ពិធីនេះ រៀបចំធ្វើឡើងនៅសាលមហោស្រប ខេត្តក្រចេះ។
ក្នុងឱកាសនោះ លោកស្រី ត្រឹង ថាវី អ្នកតំណាងរាស្ដ្រមណ្ឌលក្រចេះ បានអានព្រះរាជសារបស់សម្តេចព្រះមហាក្សត្រនរោត្តម មុនីនាថសីហនុ ព្រះវរៈបិតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រទានជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩នេះ។
លោក វ៉ា ថន ក៏បានគូសបញ្ជាក់ថា បងប្អូនស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ។
លោកថា «ដោយកត្តាទាំងនេះហើយ ដែលធ្វើឲ្យបងប្អូន ស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកល លិ្បចបោកបញ្ឆោតរបស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ង់ប៉ងបំផ្លាញនូវសន្តិភាព នៅកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែង ស្វែងរកទាំងលំបាក អស់រយៈពេលជាច្រើនឆ្នាំមកនោះ»។
លោកក៏បានលើកឡើង ពីប្រធានបទខាងលើ ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រជំរុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះ ទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធី៕