Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី គន់ គីម អំពាវនាវកុំឲ្យទន្ទ្រានយកដីសម្បទានសង្គមកិច្ចទុកចែកជូនអតីតយុទ្ធជន, ដីជាង ១ពាន់ហិកតា ត្រូវគេរំលោភជាង ៩០០ហិកតា

06-03-2019 13:29

(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យទន្ទ្រានយកដីសម្បទានសង្គមកិច្ច ដែលទុកចែកជូនអតីតយុទ្ធជនកម្ពុជា។

ការអំពាវនាវរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងពិនិត្យមើលទីតាំងដីសម្បទានសង្គមកិច្ចទុកជូនអតីតយុទ្ធជនស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ។

លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងថា ដី​សម្បទាន​សង្គម​កិច្ចទុកចែកជូនអតីតយុទ្ធជនដែលមានការខ្វះខាតក្នុងជីវភាពស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបច​ នៅខេត្ត​សៀមរាប​ មានទំហំសរុប ១,៣៦៩​ហិកតា។ តែបច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋរំលោភយកអស់ ៩៨៤​ហិកតា សល់តែ ៣៨៥​ហិកតាប៉ុណ្ណោះសម្រាប់ទុកពុះចែកជូនអតីតយុទ្ធជន។

លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការរំលោភទន្ទ្រានយកបន្តទៅទៀត បើមិនដូច្នោះទេនឹងគ្មានដីទុកសម្រាប់ចែកជូនអតីតយុទ្ធជន ដែលមានជីវភាពខ្សត់ខ្សោយនោះឡើយ៕