(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលរបស់លោក សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្រាវជ្រាវ រហូតតាមចាប់ខ្លួនជនសង្ស័យ ពាក់ព័ន្ធសម្លាប់នារីម្នាក់ នៅក្នុងផ្ទះសំណាក់យីហោ «ប៉ាអ៊ី ម៉ាក់អ៊ី»។
សូមបញ្ជាក់ថា នារីបម្រើការខារ៉ាអូខេម្នាក់ ត្រូវបានអ្នករៀបចំបន្ទប់ក្នុងផ្ទះសំណាក់ បានប្រទះឃើញដេកស្លាប់ ទាំងអាក្រាតកាយយ៉ាងអាណោចអាធ័មបំផុត បង្កឲ្យមានការស្រែកឆោឡោ និងមានភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងជាង១២ថ្ងៃត្រង់ ស្ថិតនៅក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់ថា ក្រោយមានករណីឃាតកម្មនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន បើកការស្រាវជ្រាវ រហូតតាមចាប់ខ្លួនបាននៅខេត្តកំពង់ស្ពឺ បន្ទាប់ពីគេចខ្លួនចេញពីភ្នំពេញ។
ក្រោយការចាប់ និងនាំខ្លួនមកដល់ស្នងការដ្ឋាននគរបាលខេត្ត លោកផ្ទាល់បានសួរចម្លើយរហូតដល់ម៉ោង១យប់ គឺពិតជាជាប់សង្ស័យនៃអំពើឃាតកម្មនេះមែន។
យ៉ាងណាក៏ដោយនោះ សម្រាប់នីតិបន្តទៀតកម្លាំងនគរបាលរបស់លោក បាននិងកំពុងចាត់ការបន្តទៀត៕