(ភ្នំពេញ)៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ដោយសារតែប្រទេសកម្ពុជា បានប្រើប្រាស់លុយដុល្លារប្រចាំថ្ងៃទៅជាទម្លាប់ទៅហើយ ដូចនេះដើម្បីឲ្យការប្រើប្រាស់ប្រាក់របស់ខ្មែរយើងមានកាន់តែច្រើនវិញនោះ ប្រជាពលរដ្ឋទាំងអស់គួរតែធ្វើការផ្លាស់ប្ដូរឥរិយាបទ ក្នុងការចាយលុយដុល្លារ មកជាការចាយលុយខ្មែរវិញ។
លោកបានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៣ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលក្នុងពិធីនោះ ក៏មានការចូលរួមពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលមានសមាជិកប្រមាណ១០០នាក់ផងដែរ នៅ Naga world។
លោក គា បូរាណ បានថ្លែងថា តាមការស្រាវជ្រាវនាពេលថ្មីៗនេះ មានសមាជិករបស់សមាគម២០ភាគរយហើយ ដែលបានអនុវត្តន៍អត្រាដាក់ប្រាក់កម្ចី ដែលមាន១០ភាគរយជាប្រាក់រៀលខ្មែរ ហើយមាន៣៥ភាគរយ ដែលអាចនឹងធ្វើ បាននៅក្នុងឆ្នាំ២០១៩នេះដែរ។ នៅក្នុងណោមអត្រាប្រាក់កម្ចី១០ភាគរយជាប្រាក់រៀលខ្មែរនោះ គឺគេគិតទៅលើផលប័ត្រឥណទាន ដែលមានន័យថា ប្រសិនបើគាត់មានប្រាក់ ដើម្បីឲ្យអតិថិជនខ្ចី១ម៉ឺនដុល្លារ នោះត្រូវតែមានយ៉ាងហោចណាស់ ១០ភាគរយជាលុយខ្មែរ។
លោកបានបន្តថា យើងដឹងហើយថាគ្រឹះស្ថាន ដែលជាសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការងារនេះណាស់ ទោះបីជាមិនទាន់បានទៅដល់១០ភាគរយគ្រប់ៗគ្នាក្តី ក៏លោកសង្ឃឹមថា សមាជិកទាំងអស់គ្នានឹងប្រឹងប្រែងបន្តទៀត ក៏ព្រោះតែឆ្នាំនេះ កិច្ចការងារនេះ យើងនឹងអនុវត្តរហូតដល់ចុងឆ្នាំ ដូចនេះសមាគមនឹងខិតខំប្រឹងប្រែងធ្វើការងារបន្ថែមជាមួយនឹងសមាជិក ដើម្បីឲ្យសមាជិកបានទៅដល់ ១០ភាគរយគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។
លោកបានបញ្ជាក់ទៀតថា «កិច្ចការងារនេះ ត្រូវការការចូលរួមច្រើន ពីស្ថាប័នពាក់ព័ន្ធទាំងអស់ផងដែរ ហើយដោយសារតែប្រទេសកម្ពុជា បានប្រើប្រាស់លុយដុល្លារនេះ ជាការប្រើប្រាស់ប្រចាំថ្ងៃទៅជាទម្លាប់ទៅហើយ ដូចនេះដើម្បីឲ្យការប្រើប្រាស់លុយខ្មែរនេះ មានកាន់តែច្រើននោះ ប្រជាពលរដ្ឋទាំងអស់ក៏ត្រូវតែផ្លាស់ប្ដូរឥរិយាបទ ក្នុងការចាយលុយដុល្លារ មកជាការចាយលុយខ្មែរវិញ ហើយប្រសិនបើប្រជាពលរដ្ឋទូទៅមិនជួយគាំទ្រទេ លោកគិតថា វាគឺពិតជាមានការលំបាកសម្រាប់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការធ្វើការងារនេះដូចគ្នា»។
លោកក៏បានសំណូមពរ ឲ្យស្ថាប័នដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រើប្រាស់ប្រាក់រៀលនេះឲ្យបានច្រើន ដើម្បីឲ្យគោលដៅរបស់ធនាគារជាតិ ទទួលបានជោគជ័យនៅពេលខាងមុខផងដែរ។ លោកក៏បានសង្ឃឹមខ្ពស់ដែរថា គ្រប់គ្រឹះស្ថានទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ឥណទាន និងអនុវត្តនូវគោលការណ៍ប្រាក់កម្ចី ១០ភាគរយជាប្រាក់រៀលខ្មែរនេះ ឲ្យបានគ្រប់គ្នាផងដែរ៕