(ភ្នំពេញ)៖ លោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិ នៃធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានសន្យាបន្តផ្តល់ការគាំទ្រមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍវិស័យនេះកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ADB រូបនេះធ្វើឡើងក្នុងឱកាសដែលលោក ដឹកនាំសហការីចូលជួបរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ដើម្បីស្នើសុំការណែនាំ ចង្អុលបង្ហាញ និងការណែនាំបន្ថែមពីលោករដ្ឋមន្ត្រីទាំងចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីយកទៅកែលម្អ បំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត របស់គម្រោងដែល ADB បានជួយកន្លងមក និងជាពិសេសសេចក្តីត្រូវការជាអាទិភាពរបស់ក្រសួង ដើម្បីអភិវឌ្ឍលើអនុវិស័យនីមួយៗ និងផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍវិស័យកសិកម្ម។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីកសិកម្ម បានគូសបញ្ជាក់ជូនលោក Jaing Feng Zhang ថា គោលដៅរបស់ក្រសួងរយៈពេលកន្លងមក គឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មី នៃកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារបានតម្រូវឲ្យក្រសួងពង្រឹងពង្រីក និងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួន មកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពលខ្ពស់ដូចជា ដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេសសាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ ស្របតាមបរិបទថ្មីនេះ។
ដើម្បីអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព និងនិរន្តរភាព លោករដ្ឋមន្ត្រីបានស្នើឲ្យ ADB ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ លើការបំពេញខ្សែច្រវាក់តម្លៃផលិតកម្ម ដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះ ដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញបច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យ និងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។
ក្រៅពីនេះ លោកមរដ្ឋមន្ត្រីក៏បានស្នើឲ្យ ADB ពិនិត្យពិចារណារៀបចំគម្រោង អភិវឌ្ឍអនុវិស័យជលផល ផ្នែកវារីវប្បកម្ម និងការកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ឈានទៅដល់បង្កើនការនាំចេញ និងជាពិសេសកាត់បន្ថយការពឹង អាស្រ័យលើធនធានធម្មជាតិ។
ពាក់ព័ន្ធនឹងអនុវិស័យផលិតកម្មសត្វ លោករដ្ឋមន្ត្រីក៏បានលើកពីចំណុចសំខាន់នៃផលិតកម្មគោ ដោយផ្តោតលើការបង្កាត់សប្បនិម្មិតពូជគោ ដែលកំពុងមានសក្តានុពលលើទីផ្សារ ហើយដែលជាប្រភពចំណូលសម្រាប់កសិករនៅជនបទយ៉ាងរឹងមាំ។
ដោយឡែកចំពោះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលសំដៅជាពិសេសលើការប្រើប្រាស់ទឹកបៃតង ផ្ទះកញ្ចក់ ការធ្វើទំនើបកម្មកសិកម្ម ការធ្វើផលិតកម្មតាមកិច្ចសន្យា និងការគាំទ្រសហការជាមួយវិស័យឯកជន ក្នុងការផលិតពូជគ្រិះសុទ្ធ លោករដ្ឋមន្ត្រីក៏បានទាញអារម្មណ៍ឲ្យ ADB ក្រឡេកមើលពីសារៈសំខាន់របស់វា ដែលជាគន្លឹះដ៏សំខាន់ជួយបំពេញបន្ថែមខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងផលិតភាពដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។
លោក Jaing Feng Zhang សូមឯកភាពលើការលើកឡើងរបស់លោករដ្ឋមន្ត្រី ហើយពិតជាល្អ និងសំខាន់សម្រាប់រូបលោក និងសហការីយកទៅពិនិត្យ ពិចារណាផ្តល់ការគាំទ្រ និងជាពិសេសបញ្ចូល ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍថ្មីដែល ADB កំពុងចងក្រងសម្រាប់កម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរថា ADB នឹងបន្តផ្តល់ការគាំទ្រមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍវិស័យនេះកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត៕