(កោះកុង)៖ រដ្ឋបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ បានរៀបចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ សម្រាប់ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងមន្ត្រីក្រោមឱវាទ យុវនារីជាយោធា អ្នកគ្រូ យុវតីសិស្សចំនួន២០៨នាក់។
លោកស្រី មិថុនា ភូថង ថ្លែងថា ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ នៅខេត្តកោះកុងរបស់យើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងរំលេចពីតម្លៃសន្តិភាព និងជំរុញគាំទ្រស្រ្តីដើម្បីវឌ្ឍនភាពសង្គម លើកកម្ពស់សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទី និងសុខមាលភាព អភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាព ពេញលេញ។
លោកស្រី បានថ្លែងបន្តថា ការបញ្ជ្រាបយេនឌ័រ នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានកំពុងបន្តរៀបចំគម្រោងស្បៀង និងថវិកាបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងកុមារភាពដែលសសរទ្រូងសម្រាប់ប្រទេសជាតិ និងកំពុងអនុវត្តន៍មូលនិធិសមធម៌សុខាភិបាល របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការ និងជនពិការ។
លោកស្រីអភិបាលថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាថ្មីៗនេះ បានលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតុកម្ពុជា ដើម្បីស្រ្តីបន្តទម្រង់រើសអើង បញ្ជ្រាបយេនឌ័រកាន់តែទូលំទូលាយ ហើយត្រូវស្វែងយល់ពីការងារការបំពេញភារកិច្ចរបស់ស្រ្តីនៅថ្នាក់ក្រោមជាតិ អភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ ជាពិសេសស្រ្តីវ័យក្មេង។
ហើយស្រ្តីក៏មានសិទ្ធិចូលរួមក្នុងការបំរើជាតិមាតុភូមិ បានដូចបុរសដែរ និងមានសិទ្ធិដូចគ្នា។ ក្រោយពីបញ្ចប់ លោកស្រី សូមអំពាវរនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពបងប្អូន ហើយសូមពាក់មួកទាំងការពារឲ្យបានគ្រប់គ្នា ក្នុងនោះលោកស្រី បានប្រគល់មួកសុវត្តិភាពជាអនុស្សាវរីយ៍ និងក្រមា១ផងដែរ៕