(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ឆ្នាំ២០១៩ ជាឆ្នាំបណ្តុះបណ្តាលដល់មន្ត្រីរាជការក្រសួង ជាពិសេសស្រ្តីជាមន្រ្តីរាជការឱ្យមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកបន្តវេនដឹកនាំអភិវឌ្ឍន៍កសាងប្រទេសជាតិ។
ទន្ទឹមគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឲ្យថ្នាក់ដឹកនាំក្រសួង និងស្ថាប័នចំណុះក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន យកចិត្តទុកដាក់បញ្ជូនមន្ត្រីរាជការជាស្រ្តីឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេសដើម្បីបង្កើនសមត្ថភាព និងត្រៀមលក្ខណៈជាអ្នកដឹកនាំនាពេលអនាគត។
ការជំរុញរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារីក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» នៅទីស្តីការក្រសួងនៅទី០៥ ខែមីនា ឆ្នាំ២០១៩។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការតំណាងក្រសួងកិច្ចការនារី លោកស្រី មៀច សុធារី អគ្គលេខាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងមន្ត្រីរាជការ និយោជិតជានារីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនប្រមាណ ៣៩០នាក់។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការរួមចំណែកយ៉ាងសំខាន់របស់ស្ត្រី ក្នុងកិច្ចការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ក៏ដូចជាការថែទាំអប់រំសមាជិកក្រុមគ្រួសារ។ លោកបានលើកទឹកចិត្តឱ្យមន្ត្រីរាជការជាស្ត្រីទាំងអស់ហ៊ានបញ្ចេញមតិយោបល់ មានភាពក្លាហានក្នុងការបង្ហាញសមត្ថភាពចំពោះថ្នាក់ដឹកនាំ និងបានប្តេជ្ញាបង្កើនសមាសភាពមន្ត្រីថ្នាក់ដឹកនាំជាស្ត្រីឱ្យបានកើនឡើងជាលំដាប់ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរកម្ពុជា។
ជាមួយគ្នានោះ លោក ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសុខសន្តិភាព ដែលជាកត្តាមិនអាចខ្វះបានក្នុងការទាក់ទាញអ្នកវិនិយោគិន ភ្ញៀវទេសចរ និងការបង្កើនការងារកសិផលជូនប្រជាពលរដ្ឋ និងជំរុញឱ្យស្ត្រីទាំងអស់បន្តរួបរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកអំណោយ និងថវិកាមួយចំនួនជូនមន្ត្រីរាជការ និងនិយោជិតជាស្ត្រីទាំងអស់ និងបានអំពាវនាវដល់ស្ត្រី រួមទាំងបុរសឲ្យចូលរួមទាំងអស់គ្នាក្នុងការណែនាំកូនចៅ ជៀសវាងប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹងនៅពេលបើកបរ ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ពេលជិះរថយន្តត្រូវពាក់ខ្សែក្រវាត់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕