(កំពង់ចាម)៖ នាយកដ្ឋានសុខុមាលភាពជនពិការ នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ«សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីចុះបញ្ជិកា និងនីតិវិធីអធិការកិច្ចវិស័យពិការភាព ដល់វិស័យឯកជន» ក្នុងន័យជំរុញការអនុវត្ត អត្រាជ្រើសរើស ជនមានពិការភាព ចូលបម្រើការងារតាមការកំណត់ ឈានដល់ទឹកដីខេត្តកំពង់ចាមហើយ។
នាយកដ្ឋានសុខុមាលភាពជនពិការ នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម បានសហការជាមួយនឹង រដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីចុះបញ្ជិកា និងនីតិវិធីអធិការកិច្ចវិស័យពិការភាព ដល់វិស័យឯកជន» ស្ថិតក្នុងខេត្តកំពង់ចាម នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។
សិក្ខាសាលាខាងលើនេះ ធ្វើឡើងដោយមានការចូលរួមពី លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំង លោក ហាន កុសល អភិបាលរង និងជាតំណាងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។
លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងគោលការណ៍ណែនាំស្តីពីនីតិវិធីអធិការកិច្ចវិស័យពិការភាព មានចែងពីមូលដ្ឋានគ្រឹះនៃក្រមសីលធម៌សម្រាប់មន្រ្តីអធិការកិច្ច ដូច្នេះក្នុងនាមជាមន្រ្តីអនុវត្ត គឺត្រូវតែ អនុវត្ត និងប្រតិបត្តិតាម»។
លើសពីនេះ លោក ញ៉ឹក វណ្ណារ៉ា បានស្នើឱ្យអង្គការ ក៏ដូចជាជនមានពិការភាពដែរ ត្រូវតែពង្រឹងសមត្ថភាព ជាពិសេសគឺអត្តចរិតធ្វើការងារ ធ្វើការជាក្រុម ភាពចុះសម្រុង និងគោរពវិន័យ ព្រមទាំង លក្ខខណ្ឌរបស់រោងចក្រ សហគ្រាសដែលខ្លួនបានធ្វើការ ដើម្បីឆាប់យកការងារ ព្រោះអ្នកវិនិយោគគិតតែប្រាក់ចំណេញ និងផលិតភាពរបស់និយោជិត។
លោក ញ៉ឹក វណ្ណារ៉ា បានស្នើបន្ថែមដល់អង្គសិក្ខាសាលា ១.ស្នើអង្គភាពជាប់កាតព្វកិច្ចទាំងអស់ មកចុះបញ្ជិកានៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីរួមគ្នាអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ២.ស្នើអង្គភាពជាប់កាតព្វកិច្ចទាំងអស់ ត្រូវជូនដំណឹងជាបន្ទាន់មកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាល់ចលនាចេញ-ចូលបុគ្គលិក បើទោះបីមិនមានជនពិការបម្រើការងារក៏ដោយ ៣.ស្នើរដ្ឋបាលខេត្តកំពង់ចាម ជួយជំរុញក្នុងការអនុវត្តលិខិតទាំងអស់របស់ក្រសួងនានា ដើម្បីឲ្យមានការសម្របសម្រួលសមស្របដល់ជនមានពិការភាព។
ក្នុងសិក្ខាសាលានេះដែ លោក ហាន កុសល ក៏បានលើកឡើងពី ការយកចិត្តទុកដាក់ចំពោះជនមានពិការភាពរបស់រដ្ឋបាលខេត្តកំពង់ចាម ដូចជារដ្ឋបាលខេត្តមានឆន្ទៈក្នុងការអភិវឌ្ឍ និងកែសម្រួលឲ្យមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់បរិស្ថានរូបវន្តមធ្យោបាយដឹកជញ្ជូនបម្រើជាសាធារណៈ ចំណេះដឹង ព័ត៌មាន ទំនាក់ទំនងចំពោះជនពិការ និងធានាសមភាពយេនឌ័រ និងការលើកកម្ពស់សមត្ថភាពស្រ្តីនិងកុមារពិការ ជាក់ស្តែង ក្នុងឆ្នាំ២០១៨ រូបឯកឧត្តមផ្ទាល់បានដឹកនាំក្រុមការងារយុវជន និងមនុស្សថ្លង់ពីសាលាគ្រួសារថ្មី បច្ចុប្បន្នជាវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ទៅបង្ហាញពីសមត្ថភាពរបស់ មនុស្សថ្លង់ ដើម្បីឱ្យកុមារីគម្នាក់ទៅសិក្សាទៅវិទ្យាល័យអប់រំពិសេស និងកុមារីម្នាក់ទៀត ជួយធ្វើបង្គន់ដែលបង្កលក្ខណងាយស្រួលសម្រាប់រូបនាង។
លោកអភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ទាក់ទងនឹងប្រធានបទ នៃសិក្ខាសាលានេះថា បច្ចុប្បន្ន ខេត្តកំពង់ចាម មានគ្រឹះស្ថាន សហគ្រាស រោងចក្រ សណ្ឋាគារ អាហារដ្ឋាន សំណង់ សាកលវិទ្យាល័យ សរុប ៤០៩កន្លែង ក្នុងនោះមានតែ ២២កន្លែងតែប៉ុណ្ណោះ មានបុគ្គលិក កម្មករ និយោជិត លើសពី១០០នាក់ ដែលត្រូវបានអញ្ជើញ និងមានវត្តមានក្នុងសិក្ខាសាលានេះ។ ឯកឧត្តមបានស្នើ ឱ្យអង្គភាពទាំង២២នេះ ត្រូវបំពេញលក្ខខណ្ឌអនុវត្តតាមអនុក្រឹត្យលេខ ១០៨ ស្តីពីការកំណត់អត្រា និងបែបបទ នៃការជ្រើសរើសជនពិការចូលបម្រើការងារ។
គួរបញ្ជាក់ថា នៅក្នុង «សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីចុះបញ្ជិកា និងនីតិវិធីអធិការកិច្ចវិស័យពិការភាព ដល់វិស័យឯកជន» ក៏មានវត្តមានពី ថ្នាក់ដឹកនាំ នាយកដ្ឋានសុខុមាលភាពជនពិការ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងមូលនិធិជនពិការថ្នាក់កណ្តាល តំណាងមន្ទីរជុំវិញខេត្ត តំណាងអង្គការ សមាគម វិស័យឯកជន រោងចក្រ សហគ្រាស ចំការកៅស៊ូ សរុបប្រមាណ៥០នាក់ចូលរួមផងដែរ៕