(ភ្នំពេញ)៖ អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត លោក នី ផល្លី បានស្នើដល់រដ្ឋបាលខេត្តកោះកុង ឱ្យរៀបចំដាក់បញ្ចូលឆ្នេរបេក្ខភាពថ្មីៗ ឱ្យបានច្រើនក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី២ ឆ្នាំ២០១៩នេះ ខណៈរដ្ឋបាលខេត្តកោះកុង បានដាក់គោលដៅសម្លឹងឆ្ពោះទៅរកជ័យលាភីសេះសមុទ្រ៣ ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩ផងដែរ។
លោក នី ផល្លី បានជំរុញឱ្យរដ្ឋបាលខេត្តនេះ ចាប់ផ្តើមរៀបចំ និងកែលម្អឆ្នេរខ្សាច់នោះ ឱ្យស្របតាមគោលការណ៍ណែនាំស្តីការគ្រប់ឆ្នេរខ្សាច់កម្សាន្ត និងផែនការសកម្មភាពសម្រាប់ការគ្រប់គ្រង និងកែលម្អរមណីយដ្ឋានឆ្នេរខ្សាច់ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះ ដើម្បីឆ្ពោះទៅទទួលបានជ័យលាភីនាពេលខាងមុខ។ ក្នុងករណីចាំបាច់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងជួយគាំទ្រជាបច្ចេកទេស ក្នុងការរៀបចំកែលម្អឆ្នេរទាំងនោះ ឱ្យបានស្អាតស្របតាមស្តង់ដារបច្ចេកទេស ដើម្បីអាចយកបានពិន្ទុ និងចំណាត់ថ្នាក់ល្អ។
ការលើកឡើងរបស់ អគ្គលេខាធិការរង គ.អ.ឆ.ក បានធ្វើឡើង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ ២០១៩» និងបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការសកម្មភាពសម្រាប់ការគ្រប់គ្រង និងកែលម្អរមណីយដ្ឋានឆ្នេរខ្សាច់» នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពរបស់លោក និង លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង ដោយមានការចូលរួមពី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងឆ្នេរ និងប្រតិបត្តិករទេសចរណ៍។
ខេត្តកោះកុង មានឆ្នេរខ្សាច់ស្អាតធម្មជាតិជាច្រើន ដែលមានសក្តានុពលខ្ពស់អាចរៀបចំកែលម្អ ដើម្បីចូលរួមក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ ២០១៩បាន។ លើសពីនោះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាពិនិត្យឃើញថា ឆ្នេរខ្សាច់ទាំំងអស់នោះ អាចរៀបចំដើម្បីយកពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អបាន ដែលនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជាមេដែកឆក់ជំរុញដល់ការរីកលូតលាស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅតាមតំបន់ជាប់នឹងឆ្នេរខ្សាច់ទាំងនោះផងដែរ។
ខេត្តកោះកុងគឺជាគោលដៅទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ប្រកបដោយភាពទាក់ទាញដែលអាចបង្កើតជាផលិតផលទេសចរណ៍ចម្រុះ និងជាខេត្តព្រំដែនតំបន់ឆ្នេរក្នុងការតភ្ជាប់ខ្សែទស្សនកិច្ចទេសចរណ៍ភាគខាងត្បូងរបស់អាស៊ាន ASEAN (Southern Tourism Corridor) ដែលតភ្ជាប់ពីប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,២លាននាក់កើនឡើង ១១% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះ តំបន់ឆ្នេរសមុទ្រកម្ពុជា សម្រេចបានកំណើនទេសចរណ៍ ១៨,៦% ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៨៨ម៉ឺននាក់។
ដោយឡែកខេត្តកោះកុងទទួលបានភ្ញៀវទេសចរសរុប ប្រមាណ ៣៧,៥ម៉ឺននាក់ កើនឡើង ២០% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ប្រមាណ ៣០ម៉ឺននាក់ កើនឡើង ១៧,៨% និងទេសចរអន្តរជាតិមានចំនួន ប្រមាណ ៧,៥ ម៉ឺននាក់ កើនឡើង ៣៤%៕