(ព្រះសីហនុ)៖ រដ្ឋបាលខេត្តជាប់សមុទ្រទាំង៤ បានបើកសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីអ្នកនាំពាក្យ ក៏ដូចជាមន្ត្រីពាក់ព័ន្ធដទៃទៀត ក្នុងបំណងឆ្លើយតបឲ្យទាន់សភាពការណ៍ចំពោះបញ្ហានានា។ សិក្ខាសាលាដែលធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩នេះធ្វើឡើងក្រោមប្រធានបទ «អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធិភាព មុខមាត់ កត្តិយស ខេត្ត-ក្រុង រួមជាមួយនឹងកិច្ចថែរក្សា លើកតម្កើងអធិបតេយ្យ ឯកភាព និងមោទនភាព នៃជាតិរស់ឡើងវិញ»។
សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនា ក្រោមអធិបតីភាព លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមសរុបចំនួន១៤៦នាក់ មកពីមន្ទីរអង្គភាពខេត្តជាប់សមុទ្រទាំង៤ រួមមានៈ ខេត្តកោះកុង កែប កំពត និងខេត្តព្រះសីហនុ។
ខេត្តជាប់សមុទ្រទាំង៤រួមមាន៖ ព្រះសីហនុ កោះកុង កំពត និងកែប គឺជាខេត្តដែលកំពុងកំណើនវិនិយោគយ៉ាងគំហុកពីអ្នកវិនិយោគរបស់ចិន។ រឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការវិនិយោគរបស់ចិននៅក្នុងខេត្តទាំងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្តាញសង្គមនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ក្នុងចំណោមព័ត៌មានទាំងនោះ ក៏មានព័ត៌មានខ្លះជាព័ត៌មានចេតនាបំភ័ន្តសាធារណៈមតិ ដែលទាមទារឲ្យមានការឆ្លើយតបឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំឲ្យមានព្យសនកម្មណាមួយកើតឡើងពីការផ្សព្វផ្សាយទាំងនោះ។
ដើម្បីទប់ស្កាត់បញ្ហាទាំងនេះសមត្ថភាពរបស់មន្ត្រីអ្នកនាំពាក្យនៅរដ្ឋបាលខេត្តទាំង៤នេះ គឺជាការចាំបាច់បំផុត។ មន្ត្រីនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឱ សារឿន បានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងហ្វឹកហ្វឺនជំរុញលើកស្ទួយ និងអនុវត្តនយោបាយគាំទ្រដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាអ្នកនាំពាក្យប្រចាំរាជធានី-ខេត្ត និងមន្ត្រីគ្រប់ក្រសួង ក្រោមកិច្ចទទួលខុសត្រូវនៅមូលដ្ឋានរាជធានី-ខេត្តរៀងៗខ្លួន។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ចាត់ទុកសិក្ខាសាលានេះថា មានគោលបំណងដើម្បីបំពាក់បំប៉នជំនាញ និងបង្កើនសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ ឲ្យមានលទ្ធភាព ក្នុងការផ្តល់មតិយោបល់ជាសាធារណៈឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅផ្នែកពាក់ព័ន្ធណាមួយ ប្រកបដោយភាពវិជ្ជមាន និងបង្កើនទំនុកចិត្តដល់សាធារណជន។
លោក យន្ត មីន បន្តថា អង្គសិក្ខាសាលានេះ ក៏រំលេចនូវទស្សនៈនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចពង្រឹងសន្តិភាព និងស្ថេរភាពនយោបាយ ក្នុងទិដ្ឋភាពយុទ្ធសាស្រ្ត និងយុទ្ធវិធី ដែលជាសញ្ញាណនៃប្រសិទ្ធភាព និងឯកភាពជាតិ។
តាមរយៈសិក្ខាសាលានេះ លោក យន្ត មីន ស្នើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុក្ខដាក់ក្នុងការត្រង់ត្រាប់ស្ដាប់ ពិចារណា ចំពោះនិយមន័យ វិសាលភាព និងខ្លឹមសារនៃប្រធានបទ «ឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយសខេត្ត ក្រុង រួមជាមួយនឹងកិច្ចថែរក្សាលើកតម្កើងអធិបតេយ្យភាព និងមោទនភាព នៃជាតិរស់ឡើងវិញ» ដ៏មានសារៈប្រយោជន៍សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ និងសម្រាប់ភាពរីកចំរើន ព្រមទាំងផ្តល់ប្រយោជន៍ដល់សង្គមជាតិនាថ្ងៃអនាគត៕