(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់មួយទៀត លើល្បឿនរបស់បច្ចេកវិទ្យា 4G LTE ពីស្ថាប័ន Opensignal ដែលបានប្រកាសថា Cellcard ជាម្ចាស់ពានផ្នែកបទពិសោធន៍នាំមុខគេ លើល្បឿនដោនឡូត និងអាប់ឡូត។
សេចក្តីប្រកាស ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីស្ថាប័ន Ookla បានប្រកាសថា ក្រុមហ៊ុន Cellcard ជាម្ចាស់ជ័យលាភី លើផ្នែក Speedtest នៅប្រទេសកម្ពុជាជាផ្លូវការ។ នេះជាឆ្នាំទី២ ដែលក្រុមហ៊ុន Cellcard បានឈ្នះពានរង្វាន់ពី Opengsignal។
ពិធីប្រគល់ពានរង្វាន់ ត្រូវបានប្រកាសនៅក្នុងសន្និសីទ Mobile World Congress នៅទីក្រុងបាសេឡូណា ហើយត្រូវបានឡើងទទួលដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group លោក Ian Watson នាយកប្រតិបត្តិ និងលោក Jonjon Naval នាយកផ្នែកបច្ចេកវិទ្យា។
លោក Watson បានថ្លែងថា ពានរង្វាន់ដែលក្រុមហ៊ុន Cellcard ឈ្នះផ្ទួនៗគ្នានេះ ជាភស្តុតាងបញ្ជាក់ពីគុណភាពនៃអ៊ីនធើណិតទូរស័ព្ទ ដែលបានដំណើរការ តាំងពីខែមករា ឆ្នាំ២០១៧។
លោកបានបន្តថា «ពានរង្វាន់ឯករាជ្យទាំងនេះ ត្រូវបានផ្តល់ជូនពីអ្នកជំនាញ នៅក្នុងការពិនិត្យមើលលើភាពពិតប្រាកដ នៃបណ្តាញទំនាក់ទំនងដោយផ្អែកលើការវិភាគ ពីបទពិសោធន៍អ្នកប្រើប្រាស់ពិតប្រាកដ ដោយពុំមានភាពផ្ទុយពីការពិតនោះទេ»។
លោកថា «ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនដែលមានបណ្តាញអ៊ីនធើណិតទូរស័ព្ទលឿនជាងគេនៅកម្ពុជា ហើយពួកយើងបានធ្វើការយ៉ាងស្វិតស្វាញ និងវិនិយោគយ៉ាងច្រើន ដើម្បីផ្តល់នូវសេវាល្អបំផុតជូនអតិថិជន»។
លោកបានបន្ថែមថា «បច្ចេកវិទ្យា 4G របស់ Cellcard គឺជាជម្រើសដ៏ល្អដែលប្រទេសកម្ពុជាត្រូវការ ហើយប្រសិនបើពួកគេ មិនបានសាកប្រើប្រាស់ CELLCARD នៅក្នុងតំបន់របស់ពួកគេឲ្យបានលើសពី១ឆ្នាំនោះទេ ពួកគេគួរសាកប្រើប្រាស់យើងឡើងវិញ ដើម្បីមើលថា តើមានការពង្រឹងយ៉ាងម៉េចខ្លះ»។
លោក Watson បន្តថា «ពួកយើងបន្តដឹកនាំកម្ពុជា ទៅរកពិភពឌីជីថល និងពង្រឹងភាពរឹងម៉ាំរបស់យើងនូវទូទាំងក្រុមហ៊ុន Royal Group ដើម្បីផ្តល់ជូនបេសកកម្មដ៏សំខាន់នេះ»៕