(ប៉ៃលិន)៖ ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨-២០១៩ នៅកីឡាដ្ឋានខេត្ត នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ការលេងកីឡាឲ្យបានល្អ ប្រកបទៅដោយគុណភាព បច្ចេកទេសត្រឹមត្រូវ និងងត្រូវបង្កើតនូវចំនេះដឹងសុខភាព ស្មារតីឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមស៊ីហ្គេមឆ្នាំ២០២៣ ទទួលជោគជ័យ ស្របតាមផែនរបស់ក្រសួងអប់រំ យុវជន និងកីឡាក៏ដូចគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយគ្នាត្រូវចេះសហការសាមគ្គីគ្នា ចេះអធ្យាស្រ័យ ក្នុងការបង្កើតនូវចំណងមិត្តភាព ដែលជាទិសដៅលើកកម្ពស់វិស័យអប់រំ ឲ្យបានកាន់តែល្អជាបន្តបន្ទាប់។
អភិបាលរងខេត្ត បានលើកឡើងថា៖ ការអភិវឌ្ឍវិស័យអប់រំកាយ ឃើញថា មានការប្រែប្រួលពីមួយឆ្នាំទីមួយឆ្នាំគួរឲ្យកត់សម្គាល់ ក្នុងការលើកស្ទួយ កសាងធនធានប្រកបដោយកាយសម្បទាមាំមួន សុខភាពល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដូច្នេះ មន្ទីអប់រំ យុវជន និងកីឡាខេត្ត ត្រូវធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយពីការលេងកីឡា ដល់ក្មេងៗ សិស្សានុសិស្សគ្រប់រូប និងត្រូវធ្វើការបណ្តុះបណ្តាលពីបច្ចេកទេស លំហាត់ប្រាណ ប្រាជ្ញាស្មាតី ការថែទាំសុខភាពអោយបានរឹងមាំ ឈានទៅចំណុចល្អ ដើម្បីជាថ្នាល់សំរាប់ការប្រកួត នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ ។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ធូ ភា ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតនាពេលនេះទាំងអស់ ត្រូវប្រឹងប្រែងយកអស់កំលាំងកាយចិត្តខិតខំប្រកួតប្រជែង ដើម្បីដណ្តើមបានជើងឯកប្រចាំខេត្ត តែទោះបីចាញ់ឬឈ្នះយ៉ាងណា ត្រូវរក្សាសាមគ្គី ជាមិត្ត ចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីកសាងវប្បធម៌ នៃការរស់នៅប្រកដោយសុខដុមរមនា លើទឹកដីសន្តិភាពរបស់យើង និងជាពិសេសត្រូវជៀសឆ្ញាយពីគ្រឿងញៀន ចូលរួមលេងកីឡាទាំងអស់គ្នា។
បើតាមការបញ្ជាក់ពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៨/២០១៩ នៅពេលនេះមានរយៈពេល ០៨ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយវិញ្ញាសារសិស្សបឋម មានចំនួន ៤ វិញ្ញាសារ គឺ៖ទី១/បាល់ទាត់បុរស នារី មាន៦ក្រុម បាល់ទះបុរស នារី មាន៤ក្រុម បាល់បោះ បុរស នារី មានចំនួន៣ក្រុម និងអត្តពលកម្មមាន ១២ក្រុម ដែលមានកីឡាករ កីឡាការរិនីស រុប ចំនួន ៣៤៨នាក់ ស្រី១៧៤នាក់ ចំពោះសិស្សមធ្យមមានចំនួន ៤ វិញ្ញាសារ គឺ៖ទី១/បាល់ទាត់បុរស នារី មាន ៩ក្រុម បាល់ទះបុរស នារី មាន ៦ក្រុម បាល់បោះ បុរស នារី មានចំនួន ៥ក្រុម និងអត្តពលកម្មមាន៥ក្រុម ដែលមានកីឡាករ កីឡាការរិនី មានសាលាបឋមចូលរួមចំនួន ១៧សាលា មានកីឡាករសរុប ៥៣៤នាក់ ស្រី២២២នាក់៕