(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្នុងគោលបំណងរួមគ្នា ធ្វើការវាយតម្លៃអំពីសមិទ្ធិផល ដែលសម្រេចបានកន្លងមក និងដោះស្រាយបញ្ហាប្រឈមនានា។
អង្គសន្និបាទនេះស្ថិតក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំង៣ លោកអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត។
លោក អ៊ុន ចាន់ដា បានលើកឡើងដោយសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ពន្ធ័ទាំងអស់ ដែលបានចូលរួមចំណែក និងការផ្តល់កិច្ចសហការជួយគាំទ្រយ៉ាងសកម្ម ធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធិផលនានាជាច្រើន តាមរយៈរបាយការណ៍បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នេះ។
លោក អ៊ុន ចាន់ដា បានបន្តទៀតថា ស្ថិតក្នុងដំណាក់កាល នៃការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៥ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សម្រាប់និតិកាលទី៦នៃរដ្ឋសភា។
អង្គសន្និបាតរបស់យើងនាពេលនេះ ពិតជាមានអត្ថនយ័បំផុត ដើម្បីយើងរួមគ្នាធ្វើការវាយតម្លៃអំពីសមិទ្ធិផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងអនុសាសន៍ដឹកនាំដ៏មានតម្លៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
លោកបន្តថា «លើមូលដ្ឋាននៃការវាយតម្លៃបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ អំពីសមិទ្ធិផល និងបញ្ហាប្រឈម យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅការងារក្នុងឆ្នាំ២០១៩ ដើម្បីបន្តអនុវត្តកម្មវិធីកំណែ ទម្រង់នានា ក្នុងក្របខណ្ឌ័យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត»៕