(ភ្នំពេញ)៖ ក្នុងឱកាសដែលនារីទូទាំងសាកលលោក ប្រារព្ធខួបទី១០៨ ទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០១៩ និងក្នុងឱកាសដ៏មហាប្រសើរ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាអន្ដរជាតិនារី ក្រោមប្រធានបទ «ពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» តាងនាមគណៈកម្មាធិការកណ្ដាល មន្ដ្រី អ្នកស្ម័គ្រចិត្ដ យុវជន នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ។
ឆ្នាំ២០១៩ គឺជាដំណាក់កាលជាប្រវត្តិសាស្ត្រមួយ ដែលរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយជាតិស្តីពី សមភាពយេនឌ័រ គួបផ្សំជាមួយនឹងការគូសបញ្ជាក់ពីសារៈសំខាន់ នៃគោលនយោបាយគាំពារសង្គម បានធ្វើឲ្យយើងខ្ញុំទាំងអស់កាន់តែគោរព កោតស្ញប់ស្ញែងចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលតែងតែខិតខំប្រឹងប្រែង ដោយឆន្ទៈមោះមុត យកអស់កម្លាំងកាយចិត្ត ផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះ ព្រមទាំងផ្តល់កម្លាំងចិត្តឲ្យយើងខ្ញុំទាំងអស់គ្នា បន្តយកចិត្តទុកដាក់ក្នុងការចូលរួមលើក កម្ពស់សមភាពយេនឌ័រ និងអនុវត្តខ្ជាប់ខ្ជួនគោលនយោបាយជាតិ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ក្នុងការពង្រឹងវឌ្ឍនភាពសង្គម សុខសន្តិភាព ស្ថិរភាព។
លើសពីនេះទៅទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន គឺជាមាតាមនុស្សធម៌ ជាស្ត្រីកម្ពុជាដ៏ឆ្នើម ដែលដង្ហែតាមព្រះរាជគន្លងវីរៈគំរូមនុស្សធម៌ដ៏ឆ្នើម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំប្រសិទ្ធពរជ័យគ្រប់ប្រការ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និង សម្ដេចតេជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លោកយាយមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗ សូមជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គល សិរីសួស្តី និង បានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គោរពជូននូវខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចចៅហ្វាវាំង ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖