(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានសហការជាមួយធនាគារពិភពលោក ប្រចាំនៅកម្ពុជា គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិជាលើកដំបូង ស្តីពី «គោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២-១៣ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។

កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមបើក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ហើយនឹងបិទបញ្ចប់ក្រោមអធិបតីភាពរបស់ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា។

សិក្ខាសាលា រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល សម្រាប់រៀបចំជាឯកសារទស្សនទាន និងជាផែនទីបង្ហាញផ្លូវ សម្រាប់ការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល។ ក្នុងន័យនេះ សិក្ខា-សាលានេះ នឹងមានការចូលរួមធ្វើបទបង្ហាញ និងចែករំលែកទស្សនៈ ពីក្រុមហ៊ុនអន្តរជាតិធំៗ ក្នុងវិស័យបច្ចេកវិទ្យា ដែលរួមមាន៖ក្រុមហ៊ុន Microsoft, ក្រុមហ៊ុន Alibaba និង Alipay, ក្រុមហ៊ុន Facebook ក្រុមហ៊ុន UnionPay International, ក្រុមហ៊ុន VISA International, ក្រុមហ៊ុន Huawei International, ក្រុមហ៊ុន Grab ក៏ដូចជាធុរកិច្ចថ្មីៗ (Startup) និងក្រុមហ៊ុនក្នុងស្រុកដែលកំពុង មានវត្តមានលើទីផ្សារកម្ពុជា ។

សិក្ខាសាលានឹងមានការធ្វើបទបង្ហាញពីបទពិសោធន៍ប្រទេសក្នុងតំបន់ ក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ដែលមានដូចជាប្រទេសថៃ, ម៉ាឡេស៊ី និងសឹង្ហបុរីជាដើម និងមានការចូលរួមផងដែរពី ស្ថាប័នពាក់ព័ន្ធក្នុងវិស័យសាធារ-ណៈ, វិស័យធនាគារ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, អង្គការអន្តរជាតិ, វិទ្យាស្ថានស្រាវជ្រាវ, សាកលវិទ្យាល័យ, តំណាងស្ថានទូត ដែលមានអ្នកចូលរួមសរុបប្រមាណ៣០០នាក់ ។

សិក្ខាសាលានេះ ក៏ជាវេទិកាជជែកពិភាក្សាដ៏សំខាន់ក្នុងកម្រិតគោលនយោបាយ ហើយដែលលទ្ធផលចេញពីសិក្ខាសាលាមិនត្រឹមតែនឹងក្លាយជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំជាសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាធាតុចូលក្នុងការជំរុញការធ្វើពិពិធកម្ម និងបង្កើនប្រសិទ្ធភាព និងភាពប្រកួត-ប្រជែងនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើសមាហរណកម្មនៃបច្ចេកវិទ្យា ដើម្បីសម្រេចនូវបំណងប្រាថា្នរយៈពេលវែង ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ក្រៅពីនេះវេទិកានេះ ក៏ជាការបង្ហាញដល់វិនិយោគិនជាតិ និងអន្តរជាតិ នូវការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការសេដ្ឋកិច្ចកម្ពុជា និងពង្រឹងបរិយាកាសធុរកិច្ច ដោយមានការចូល-រួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់៕