(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយស នៃគណបក្សឆន្ទៈខ្មែរ និងជាអតីតមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានចេញសារចំអកឱ្យ លោក សម រង្ស៉ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ពេលនេះថា «កូនទាហែលចោលមេមាន់»។
លោក គង់ គាំ បានដំណាលនៅលើ Facebook របស់លោក នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «មេដឹកនាំនយោបាយខ្មែរ ដែលកំពុងលិចលង់ និងកំពុងស្រវាផុតៗ តោងខាងលិចមិនបាន តោងខាងកើតមិនដល់ ជាមេដឹកនាំជួយខ្លួនឯងមិនបាន តើជួយអ្នកដទៃ ជួយជាតិបានរបៀបណា។ មេមាន់ដែលកំពុងឆ្លេឆ្លា ប្រឹងស្រែកប្រាប់កូនទាថាប្រយ័ត្នលង់ទឹក។ ទាំងអស់គ្នាងើបឡើងៗ មេទាវាមិនពូកែជួយកូនទាចេញពីទឹកដូចយើងជាមេមាន់ទេ»។
លោកគង់ គាំ បានចំអកទៀតថា «ឱទទាបងអើយ អ្នកហែលទឹកមិនកើតហើយ ធ្វើម្តេចឡើយបើត្រើយនៅឆ្ងាយសែនឆ្ងាយ។ កូនទាហែលចោលមេមាន់ ហើយសំឡេងមេមាន់ពីត្រើយឆ្ងាយ (ទាំងខ្សោយ ទាំងខ្សាវ ដូចជិតក្ស័យអញ្ចឹង) អីក៏ប្រឹងម៉្លេះ»។
ការចំអករបស់ លោក គង់ គាំ បានកើតឡើង បន្ទាប់ពី លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញ បន្ទាប់ពីលោកដាក់លិខិតស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ។
លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពី លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ លោក ស៊ីម សុវណ្ណនី ស្ថិតនៅក្នុងលេខរៀងទី៤៤ នៃបញ្ជីហាមឃាត់ធ្វើនយោបាយរបស់តុលាការកំពូល៕