(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines របស់ប្រទេសហ្វីលីពីន បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមជើងហោះហើរត្រង់មកកាន់កម្ពុជាលើកដំបូង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។
លោក Jaime Bautista ប្រធានក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បានឲ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្ដើមហោះហើរពីទីក្រុងម៉ានីល របស់ប្រទេសហ្វីលីពីន មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដោយមាន៥ជើងក្នុងសប្ដាហ៍រួមមាន៖ ថ្ងៃច័ន្ទ, អង្គារ, ព្រហស្បតិ៍, សុក្រ និងសៅរ៍។
ជើងហោះហើរនឹងចេញដំណើរពីទីក្រុងម៉ានីល នៅម៉ោង១០៖១០នាទីយប់ និងមកដល់ភ្នំពេញនៅម៉ោង១១:៤៥នាទីយប់ ជើងហោះហើរលេខ PR 522 ប្រើប្រាស់យន្តហោះ Airbus A320 ផ្ទុកអ្នកដំណើរ១៥៦នាក់ ក្នុងនោះកៅអីប្រភេទ Business Class ១២កៅអី និង១៨៧កៅអី ជាប្រភេទ Economy។
លោកឲ្យដឹងថា ការចាប់ផ្ដើមឲ្យមានជើងហោះហើរត្រង់មកកម្ពុជានេះ ជាការរួមចំណែក ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំង២ ហើយក៏ដូចជាការនាំភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សេងៗមកលេងនៅកម្ពុជា និងពីកម្ពុជាទៅហ្វីលីពីនផងដែរ។
លោកបន្ថែមថា «ខ្ញុំជឿជាក់ថា ការបង្កើតឲ្យមានជើងហោះហើរត្រង់រវាងហ្វីលីនពីន និងកម្ពុជានឹងទទួលបានជោគជ័យ ព្រោះក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនផ្សេងៗជាច្រើន ដើម្បីនាំភ្ញៀវពីបណ្ដាប្រទេសផ្សេងៗ មកលេងនៅទីក្រុងម៉ានីល និងប្រទេសកម្ពុជា»។
លោកឲ្យដឹងទៀតថា ការសម្រេចជ្រើសរើសយកប្រទេសកម្ពុជា គឺមកពីក្រុមហ៊ុនកត់សម្គាល់ និងទទួលស្គាល់ថា កម្ពុជាជាទីផ្សារទេសចរណ៍ដ៏ថ្លៃថ្លា ហើយរាជធានីភ្នំពេញជាមជ្ឈមណ្ឌលមួយ ដែលសេដ្ឋកិច្ចកំពុងរីកលូតលាស់ជាលំដាប់។ លោកបន្ថែមថា កិច្ចសហការវាងគ្នានឹងគ្នានេះ នឹងជួយពង្រឹងចំណងមិត្តភាពរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងហ្វីលីពីន-កម្ពុជាកាន់តែល្អប្រសើរ៕