(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Wall Street Journal នៅថ្ងៃសុក្រនេះ បានទម្លាយរាយការណ៍ដ៏រសើបមួយថា រដ្ឋាភិបាលរុស្ស៊ីបានអនុញ្ញាតឱ្យពលករកូរ៉េខាងជើងរាប់ពាន់រាប់ម៉ឺននាក់ ចូលធ្វើការក្នុងប្រទេសរបស់ខ្លួន ដែលប្រការនេះត្រូវបានក្រុមមន្ត្រីអាមេរិកចាត់ទុកថា គឺជាទង្វើរំលោភលើទណ្ឌកម្ម UN ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ព័ត៌មាននៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។
យោងតាម Wall Street Journal ពលករកូរ៉េខាងជើងថ្មីប្រមាណ ១០,០០០នាក់ បានចុះឈ្មោះបម្រើការងារនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ហើយសារព័ត៌មាននេះដដែល ដោយផ្អែកលើទិន្នន័យរបស់ក្រសួងមហាផ្ទៃរុស្ស៊ី បានបញ្ជាក់ទៀតថា ការងារថ្មីចំនួន ៧០០កន្លែង ត្រូវបានផ្ដល់ឱ្យពលករកូរ៉េខាងជើង នៅប្រទេសរុស្ស៊ីនៅឆ្នាំ២០១៨។
ប៉ុន្តែទន្ទឹមគ្នា ក្រុមមន្ត្រីអាមេរិកបានចាត់ទុកថា ការទទួលយកពលករកូរ៉េខាងជើងនេះ គឺជាទង្វើរំលោភលើទណ្ឌកម្ម UN ដែលមានចេតនារាំងខ្ទប់ប្រាក់ចំណូល នៃរបបដឹកនាំទីក្រុងព្យុងយ៉ាងនៅក្រៅប្រទេស និងបង្ខំឱ្យលោក គីម ជុងអ៊ុន បោះបង់ចោលអាវុធនុយក្លេអ៊ែរ។ បន្ថែមពីលើនេះបើតាម Wall Street Journal ក្រុមមន្ត្រី UN កំពុងធ្វើការស៊ើបអង្កេតលើការរំលោភបំពាននេះ ហើយ រីឯក្រសួងការបរទេសរុស្ស៊ី មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ៕