(ពិភពលោក)៖ ចាប់តាំងពីការឡើងកាន់អំណាចរហូតមកទល់ពេលនេះ អន្តរជាតិនៅតែមិនទាន់ដឹងច្បាស់ថាតើ របៀបដឹកនាំរបស់លោក ដូណាល់ ត្រាំ ចង់បានអ្វីឱ្យពិតប្រាកដ? ចង់ក្រឡុកស្ថានភាពពិភពលោកក្នុងបំណងអ្វីមួយឬយ៉ាងណា? ប៉ុន្តែបច្ចុប្បន្នមតិយោបល់ភាគច្រើនបានលើកឡើងស្របគ្នាថា ការកាន់ដំណែងរបស់លោក ត្រាំ ក្នុងនាមជាប្រធានាធិបតីអាមេរិកមានភាព «មិនច្បាស់លាស់ទាល់តែសោះ»។
ជាក់ស្តែងនិយាយពីដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ទ្វីបអឺរ៉ុប។ ក្នុងកិច្ចប្រជុំកំពូលអង្គការ ណាតូ នៅទីក្រុងព្រុចសែល ដំបូងលោកបាននិយាយថាអង្គការនេះ «មិនបានការទៀតឡើយ»។ បន្ទាប់មកលោកបញ្ជាក់ថា លោកមិនមែនមានន័យថា បែបនេះនោះទេតែបន្ទាប់មកលោកបានក្រឡាស់សំដីជាថ្មីម្តងទៀតជាលើកទីបី។
ក្រោយមកគឺនៅចក្រភពអង់គ្លេស លោកបានផ្តល់នូវកិច្ចសម្ភាសន៍មួយ ដោយនិយាយវាយប្រហារយុទ្ធសាស្រ្តនៃដកខ្លួនរបស់អង់គ្លេសចេញពី EU ឬហៅកាត់ថា Brexit របស់នាយករដ្ឋមន្ត្រី ថេរីសាមេ ព្រមទាំងលើកឡើងថា គួរតែមានអ្នកណាផ្សេងទៀតដែលសាកសមជាងលោកស្រី ដើម្បីដឹកនាំសកម្មភាព Brexit នេះ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ប្រធានាធិបតីរូបនេះ បានឈរក្បែរលោកស្រី ថេរីសាមេ ហើយថែមទាំងបានលើកសរសើរលោកស្រីថាជា «ស្ត្រីដ៏អស្ចារ្យម្នាក់មិនគួរឱ្យជឿ» ទៅវិញ។
ដោយឡែកម្តងទៀតក្នុងកិច្ចប្រជុំនៅប្រទេស ហ្វាំងឡង់ គឺក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន។ នៅក្នុងសន្និសីទកាសែតមួយ លោកត្រាំ បាននិយាយថាគ្មានហេតុផលអ្វី ដែលរុស្ស៊ីត្រូវលូកដៃជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកនោះទេ។ ប៉ុន្តែបន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោនវិញភ្លាម លោក ត្រាំ បានក្រឡាស់សម្ដី ដោយបានលើកឡើងថា លោកមានការភ័ន្តច្រឡំ ពោលគឺចង់មានន័យថារុស្ស៊ី គឺជាអ្នកលូកដៃ ចូលកិច្ចការបោះឆ្នោតអាមេរិក។ ដោយលោកបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំទទួលស្គាល់ការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក ដែលថារុស្ស៊ីជា អ្នកលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦»។
ទាំងនេះមិនមែនជារឿងថ្មីនោះទេដែលប្រធានាធិបតីមហាអំណាចអាមេរិក កែប្រែទាំងឥរិយាបថ និងពាក្យសំដីរបស់ខ្លួនបែបនេះ។ និយាយជារួម មេដឹកនាំរូបនេះ ហាក់មានភាពក្អេងក្អាង មិនដែលសុំទោសចំពោះកំហុសរបស់ខ្លួន ហើយតែងតែផ្លាស់ប្តូរការគិត និងពាក្យសំដីរបស់ខ្លួនជាញឹកញាប់។
ឆ្លើយតបនឹងឥរិយាបថរបស់លោក ដូណាល់ត្រាំ អ្នកសង្កេតការណ៍បានលើកឡើងថា សេចក្ដីថ្លែងការក្លែងក្លាយងាយផ្លាស់ប្តូររបស់ប្រធានាធិបតីរូបនេះ ជាវិធីសាស្ត្រចរចាមួយ ដើម្បីធ្វើឱ្យអ្នកដៃគូសត្រូវរបស់លោកមានការភ័ន្តច្រឡំព្យាករណ៍មិនត្រូវ ក្នុងគោលបំណងដើម្បីទទួលបានផលចំណេញ។
ប៉ុន្តែជាអកុសល ពាក្យផ្ទុយពីទង្វើរបស់ប្រធានាធិបតីអាមេរិក មិនត្រឹមតែបង្កផលវិបាកសម្រាប់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់ផលប៉ះពាល់ជាសកលតែម្តង។ ហេតុនេះហើយទើបមានប្រយោគមួយលើកឡើងថា “Trust creates stability; Trump creates instability” ដែលមានន័យថា ទំនុកចិត្តបង្កើតស្ថិរភាព តែលោកត្រាំបង្កអស្ថិរភាព៕