(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការយោធភូមិភាគទី៥ មានរៀបចំពិធីអបអរសាទរ នៃការរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ ថ្ងៃបង្កើតយោធភូមិភាគទី៥ ស្ថិតនៅក្នុងបរិវេណទីបញ្ជាការដ្ឋានក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីអបអរសាទររំលឹកខួប៣០ឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីសំណាក់នាយទាហាន ពលទាហាន ចំនួន២០៨៨នាក់។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ប៊ុន សេង ជាមេបញ្ជាការកងយោធភូមិភាគទី៥ បានឱ្យដឹងថា យោធភូមិភាគទី៥ មានចំនួន៤ខេត្តរួមមាន៖ ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ។ ការប្រារព្ធពិធីរំលឹកខួប៣០ឆ្នាំនេះ មានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធមកពីបណ្តាលស្ថាប័ន កងឯកភាពចំណុះជាច្រើនរួមមាន៖ កងព្រំដែន, តំបន់ប្រតិបតិ្តការសឹករងខេត្ត និងកងពលតូចទាំង៣, កងនគរបាលជាតិ, កងរាជអាវុធហត្ថ ជាដើម។
សូមជម្រាបថា យោធភូមិភាគទី៥ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៨៨ ដើម្បីបុព្វហេតុការពារមាតុភូមិប្រឆាំង និងការឈ្លានពានពីសំណាក់បរទេស និងទប់ស្កាត់សង្គ្រាមនៅផ្ទៃក្នុងប្រទេស៕