(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ចិន នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោកស្រី កៅ យាន អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន ដើម្បីពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងបណ្តាឆ្នាំកន្លងមក និងលើកទិសដៅការងារជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឲ្យបានដល់ ៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ ស្របតាមផែន ការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញនាពេលកន្លងមក។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងលោកស្រី កៅ យាន បានអបអរចំពោះកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ ដែលសម្រេចបាន ប្រមាណ ៥,៨០០លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ២១,៨% បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៤,៧៦០លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅចិន បានកើនឡើងចំនួន ២២% ប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ៣,៩២៩លានដុល្លារប៉ុណ្ណោះ។

ភាគីទាំងពីរបានរំលេចអំពីវឌ្ឍនភាពសំខាន់ៗនៃវិស័យពាណិជ្ជកម្មទ្វេភាគី លើការងារបញ្ហាអនាម័យ និងភូតគាមអនាម័យ ដែលស្ថិតជារបាំងបច្ចេកទេស រាំងស្ទះការធ្វើពិពិធកម្មការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលរួមមាន ផ្លែឈើ និងផលដំណាំផ្សេងទៀត។ ភាគីចិននឹងពិចារណាក្នុងការបង្កើនការទិញផលិតផលបន្ថែមពីកម្ពុជា រួមទាំងការទិញអង្ករផងដែរ សម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីកាត់បន្ថយអតុលុ្យភាពនៃជញ្ជីងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិន ដែលកន្លងមកតែងជួយគាំទ្រការអនុវត្តគម្រោងនានារបស់រដ្ឋាភិបាលកម្ពុជា និងបានកៀរគរវិនិយោគិនឲ្យចូលមកបណ្តាក់ទុននៅកម្ពុជា ក្រោមក្របខណ្ឌផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ ក្នុងបំណងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

ជាការឆ្លើយតប លោកស្រី កៅ យាន បានសន្យានឹងធ្វើការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធសំដៅស្វែងរកដំណោះស្រាយបញ្ហានានា ជូនវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាលផងដែរ។ លោកស្រី ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលកន្លងមកតែងជួយសម្របសម្រួលវិនិយោគិនចិន និងគាំទ្រការរៀបចំជំនួបធុរកិច្ច ក៏ដូចជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ។

អង្គប្រជុំបានបញ្ចប់ ប្រកបដោយជោគជ័យនៅថ្ងៃដដែល ក្រោមបរិយាកាសរីករាយ និងសាមគ្គីភាពល្អ៕