(ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានសម្តែងការខឹងសម្បា និងថ្កោលទោសដាច់អហង្កាចំពោះទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលបានលួចចុះកិច្ចព្រមព្រៀងជាមួយលោក Kok Ksor (កុក សរ) មេដឹកនាំជនជាតិភាគតិចវៀតណាម Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) កាត់ដីចំនួន៤ខេត្ត ទៅឲ្យភាគីវៀតណាម ពេលបក្សខ្លួនឈ្នះឆ្នោតនោះ។ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ថែមទាំងបានស្នើឲ្យតុលាការកម្ពុជាកាត់ផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី ឲ្យបានម៉ឹងម៉ាត់ទៅតាមច្បាប់។

ញត្តិដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៃខេត្តស្ទឹងត្រែង សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្គការ ចំពោះទង្វើក្បត់ជាតិ និងប្រជាជនខ្មែរ របស់ទណ្ឌិត សម រង្សី ដើម្បីតែផលប្រយោជន៍ និងអំណាចនយោបាយ។ យើងខ្ញុំទាំងអស់គ្នាចាត់ទុកនូវទង្វើរបស់ទណ្ឌិត សម រង្សី នេះជាអំពើល្មើសច្បាប់យ៉ាងកម្រោលដែលជាការជាន់ឈ្លីនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»

ក្នុងញត្តិបន្តថា «យើងខ្ញុំទាំងអស់គ្នា សូមប្រឆាំងដាច់ខាត និងធ្វើការផ្កោលទោសយ៉ាងដាច់អហង្គការនូវទង្វើក្បត់ជាតិ ដែលមិនអាចអត់អោនឲ្យបាន និងសូមគាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាលដែលបានធ្វើចំណាត់ការ តាមផ្លូវច្បាប់ដើម្បីធ្វើការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរចំពោះទណ្ឌិតសម រង្ស៊ី ដោយគ្មានការលើកលែងចំពោះទង្វើក្បត់ជាតិនេះ»

លោក សម រង្ស៊ី កាលពីឆ្នាំ២០១៣ បានធ្វើកិច្ចព្រមព្រៀងបែងចែកទឹកដីចំនួន៤ខេត្តទៅលោក Kok Ksor (កុក ស) មេដឹកនាំវៀតណាមជនជាតិភាគតិច Degar (ដេកា) រឺម៉ុងតាញ៉ា (វៀតណាមសេរី) នៅពេលដែលរូបលោកឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចព្រមព្រៀងដែលកំពុងធ្វើឲ្យមហាជនខ្មែរថ្កោលយ៉ាងខ្លាំងក្លាចំពោះទណ្ឌិត សម រង្ស៊ី ត្រូវបានបណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» ទម្លាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ ក្នុងវីដេអូនៃជំនួបធ្វើកិច្ចព្រមព្រៀងនេះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឲ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធស្ពានកោះប៉ែននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានថ្លែងថា ការចុះកិច្ចព្រមព្រៀងរវាងទណ្ឌិត សម រង្ស៊ី ជាមួយមេដឹកនាំជនជាតិភាគតិចវៀតណាម កុក ស គឺជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងរ។ សម្តេចតេជោ បានបញ្ជាឲ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃពិនិត្យលើបញ្ហានេះ ហើយត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៊ី ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាផងដែរ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខា ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដី ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី គឺជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ ដូច្នេះស្នើឱ្យតំណាងអយ្យការ ទទួលចាត់ការចំពោះអំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឱ្យជនបរទេសរវាងឈ្មោះ សម រង្ស៉ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដើម្បីផ្តន្ទាទោសតាមច្បាប់៕