(ស៊ីដនី, អូស្ត្រាលី)៖ ប្រមុខរាជរដ្ឋាភិបាលដ៏ខ្លាំងក្លារបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ប្រកបដោយសុវត្តិភាពហើយ នៅ​វេ​លាម៉ោង ៨ព្រឹក ម៉ោងនៅទីក្រុងស៊ីដនី ត្រូវនឹងម៉ោង ៤ទៀបភ្លឺម៉ោងនៅប្រទេសកម្ពុជាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។

យោងតាមអ្នករាយការណ៍ពិសេសទូរទស្សន៍ជាតិកម្ពុជា លោក អនឃួន សំអូន បានឲ្យដឹងថា យន្តហោះ​ពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាជាជើងហោះហើរលេខ០១ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការចុះចតប្រកបដោយសុវត្តិភាពនៅអាកាសយានដ្ឋានឃីងហ្វ័ត ទីក្រុងស៊ីដនី រដ្ឋញ៉ូវសោធវ៉េល ក្រោមកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅពីពីមន្រ្តីនៃរដ្ឋ​ញ៉ូវសោធវ៉េល (New South Wales) និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំប្រទេសអូស្រ្តាលី ជាច្រើនរូប។

ជាការកត់សម្គាល់ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន គឺត្រូវបានមន្រ្តីជាន់ខ្ពស់ប្រទេសអូស្ត្រាលីទទួលស្វាគមន៍ប្រកបដោយកិត្តិយស និងស្មើមុខស្មើមាត់ដូចបណ្តាមេដឹកនាំដទៃទៀតក្នុងនាមជាមេដឹកនាំប្រទេសសមាជិកអាស៊ាន។ ជាពិសេសគឺប្រជាពលរដ្ឋនៅប្រទេសអូស្ត្រាលី បានចេញមកស្វាគមន៍ដោយក្តីគោរពស្រឡាញ់យ៉ាងខ្លៀវក្លា ហើយដំណើររបស់សម្តេចមិនត្រូវបានរំខានពីក្រុមខ្មែរមាននិន្នាការប្រឆាំងមួយក្តាប់តូចនោះឡើយ។

ដូចគ្នានឹង​បណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតែជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងស៊ីដនី ជាទី​ដែល​មេដឹកនាំអាស៊ានទាំងអស់យាង និង​អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលនឹងប្រារព្វ​ធ្វើ​ឡើងនៅថ្ងៃទី១៧-១៨មីនា។ តាមកម្មវិធីដែលបានគ្រោងទុកនៅរសៀលថ្ងៃទី១៦ ខែមីនានេះ សម្តេចតេជោ នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោក ម៉ាល់ខូម ថើនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តី​អូស្រ្តាលី ជួបសំដែងការគួរសមជាមួយលោក ជេរេមី ចនសុន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលី និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ប្រមាណ ៧៥០នាក់ មុន​ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលនឹងប្រារព្វ​ធ្វើ​ឡើងនៅថ្ងៃទី១៧-១៨មីនា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្បុជានៅវេលាម៉ោងប្រមាណ៥៖១៥នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ។ ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ដ្រី ឱម យ៉ិន ទៀង អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មារធិការជាតិប្រឆាំងភេរវកម្ម និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ដោយលោក ប៉េហាំង ដាតូ លីម ជុក ហ័យ អគ្គលេខាធិការអាស៊ាន និងលោកស្រី ជូលី ប៊ីហ្សប រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់នូវកាលានុវត្តភាពដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រា្តលីដើម្បីពិភាក្សាប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក លើប្រធានបទផ្សេងៗដែលជាផលប្រយោជន៍រួម និងដើម្បីចែករំលែកការយល់ឃើញ និងទស្សនៈនានា ទៅលើទិសដៅនាពេលអនាគតនៃទំនាក់ទំនងអាស៊ាន-អូស្រា្តលី។

ក្រៅពីកិច្ចប្រជុំមេដឹកនាំកំពូលអាស៊ាន និងអូស្ត្រាលី នឹងទទួលជួបដោយឡែកពីគ្នាជាមួយនិស្សិតអូស្រ្តាលី ដែលកំពុងសិក្សានៅប្រទេសសមាជិកអាស៊ាន ក្រោមផែនការកូឡុមបូថ្មី និងនិស្សិតប្រទេសសមាជិកអាស៊ាន ដែលកំពុងសិក្សានៅអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់អូស្រ្តាលី។

យោងតាមក្រសួងការបរទេសកម្ពុជា ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយ លោក ម៉ាល់កុម ធឺនប៊ុល នាយករដ្ឋមន្រ្តីអូស្រា្តលី អញ្ជើញចូលរួមពិសារអាហារពេលព្រឹក ការងារជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕