(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យបណ្ឌិត ណុប រតនា នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះទង្វើទណ្ឌិត សម រង្ស៊ី ដែលបានលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចំនួន៤ខេត្ត ទៅឲ្យជនជាតិភាគតិចវៀតណាម។
ក្នុងញត្តិដែល Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង ពលទាហានបញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក ចាត់ទុកថា ការចុះហត្ថលេខាជាមួយឈ្មោះ កុក ស (Kok Ksor) មេដឹកនាំជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា ដើម្បីឱ្យជនជាតិនេះ គ្រប់គ្រងខេត្តចំនួន៤របស់កម្ពុជា រួមមានខេត្តមណ្ឌលគិរី, រតនគិរី, ក្រចេះ និងខេត្តស្ទឹងត្រែង ដែលធ្វើឡើងដោយ ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣នោះ គឺជាអំពើក្បត់ជាតិ រំលោភរដ្ឋធម្មនុញ្ញ ដែលជាទង្វើមួយមិនអាចអត់ឱន បានជាដាច់ខាត»។
ក្នុងញត្តិបន្តថា «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តប្រឆាំងចំពោះទង្វើក្បត់ជាតិរបស់ទណ្ឌិតរូបនេះ និងអំពាវនាវដល់ ស្ថាប័នតុលាការ នៃព្រះរាជាណាចក្រកម្ពុជា សូមចាត់វិធានការឱ្យបានម៉ឹងម៉ាត់ និងផ្តន្ទាទោសជនក្បត់ជាតិ សម រង្ស៊ី ទៅតាមច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងចំពោះទង្វើ ក្បត់ជាតិ និងប្រជាជន នេះឡើយ»។
លោក សម រង្ស៊ី កាលពីឆ្នាំ២០១៣ បានធ្វើកិច្ចព្រមព្រៀងបែងចែកទឹកដីចំនួន៤ខេត្តទៅលោក Kok Ksor (កុក ស) មេដឹកនាំវៀតណាមជនជាតិភាគតិច Degar (ដេកា) រឺម៉ុងតាញ៉ា (វៀតណាមសេរី) នៅពេលដែលរូបលោកឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចព្រមព្រៀងដែលកំពុងធ្វើឲ្យមហាជនខ្មែរថ្កោលយ៉ាងខ្លាំងក្លាចំពោះទណ្ឌិត សម រង្ស៊ី ត្រូវបានបណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» ទម្លាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ ក្នុងវីដេអូនៃជំនួបធ្វើកិច្ចព្រមព្រៀងនេះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឲ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធស្ពានកោះប៉ែននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានថ្លែងថា ការចុះកិច្ចព្រមព្រៀងរវាងទណ្ឌិត សម រង្ស៊ី ជាមួយមេដឹកនាំជនជាតិភាគតិចវៀតណាម កុក ស គឺជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងរ។ សម្តេចតេជោ បានបញ្ជាឲ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃពិនិត្យលើបញ្ហានេះ ហើយត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៊ី ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាផងដែរ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខា ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដី ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី គឺជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ ដូច្នេះស្នើឱ្យតំណាងអយ្យការ ទទួលចាត់ការចំពោះអំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឱ្យជនបរទេសរវាងឈ្មោះ សម រង្ស៉ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដើម្បីផ្តន្ទាទោសតាមច្បាប់៕