(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន GreenLeader បានបង្ហាញថា ខ្លួននឹងចាប់ផ្តើមសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំមួយនៅក្នុងប្រទេសកម្ពុជានៅអំឡុងខែមេសា ឆ្នាំ២០១៨នេះ ហើយខ្លួនមានគម្រោងបង្កើតរោងចក្ររហូតដល់ទៅ៥ ក្នុងរយៈពេលពីរឆ្នាំ។
ដំណឹងនៃការបង្កើតរោងចក្រកែច្នៃដំឡុងមីនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក Michael Tse នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។
លោក Tse បានគូសបញ្ជាក់ក្នុងជំនួបនោះថា ក្រុមហ៊ុន GreenLeader ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅទីក្រុងហ៊ុងកុង ហើយបានចូលមកកម្ពុជា ដើម្បីបង្កើតជារោងចក្រកែច្នៃដំឡូងមីខ្នាតធំ សម្រាប់កែច្នៃដំឡូងមីទៅជាម្សៅ។
លោក Tse បានបន្តថា ជាការចាប់ផ្ដើមអនុវត្តដំបូងទៅលើចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន GreenLeader ក្រុមហ៊ុននឹងចាប់ផ្ដើមសាងសង់រោងចក្រទី១ នៅខេត្តក្រចេះនៅអំឡុងខែមេសា ខាងមុខនេះ ដោយរោងចក្រនេះមានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅប្រមាណ ១០០,០០០តោនក្នុងមួយឆ្នាំ។
ជាមួយគ្នានោះ លោក Tse បានបញ្ជាក់ទៀតថា ដើម្បីអាចទទួលបានផលកែច្នៃក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំបាច់ត្រូវការដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច ៥០០,០០០តោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងកសិកម្ម (Contract Farming) ជាមួយកសិករ ដោយផ្ដល់ជូននូវបច្ចេកទេស ពូជ និងធនធានមួយចំនួនទៀត។
លោកបានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន៥ ក្នុងរយៈពេល ២ឆ្នាំ ដោយរោងចក្រទីពីរអាចនឹងសាងសង់នៅប៉ែកខាងបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។
ជាកិច្ចឆ្លើយតបលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន GreenLeader ដែលបានមកបោះទុនកម្រិតធំនេះនៅកម្ពុជា ជាពិសេសគឺវិនិយោគលើវិស័យកសិកម្ម ដែលជាវិស័យមួយដ៏សំខាន់របស់កម្ពុជា។
លោករដ្ឋមន្ត្រី បានថ្លែងថា ដំឡូងមីជាផលិតផលកសិកម្មធំទីពីររបស់កម្ពុជា បន្ទាប់ពីស្រូវ ហើយក៏ជាផលិតផលមួយដែលមានសក្ដានុពលខ្ពស់សម្រាប់កែច្នៃ និងនាំចេញ ដោយដំឡូងមីអាចកែច្នៃទៅជាមុខទំនិញជាច្រើនដូចជា ម្សៅមី ប្រេងឥន្ធនៈអេតាណុល គ្រាប់ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគដទៃទៀត។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ សង្ឃឹមថាការវិនិយោគនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិករកម្ពុជា ជាពិសេសបង្កើនចំណូលរបស់ពួកគាត់ កាត់បន្ថយចំណាកស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
លោក ប៉ាន សូរស័ក្តិ ក៏បានណែនាំក្រុមហ៊ុន GreenLeader អាចពិចារណារចាប់ជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីជាការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ហើយជម្រាបដែរថាក្រសួងពាណិជ្ជកម្ម នឹងត្រៀមខ្លួនជានិច្ចដើម្បីជួយសម្រួលដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុន៕