(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីប្រទេសឥណ្ឌាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំនានាសរុប ៤ថ្ងៃនៅទីក្រុងញូវដែល្លី ប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កាជាច្រើនក្នុងការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌាឲ្យកាន់តែល្អប្រសើរ។ សម្តេចតេជោ និងគណៈប្រតិភូនឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃដដែលនេះ។

សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចនៅទឹកដីឥណ្ឌា ដែលធ្វើឡើងតាំងពីថ្ងៃទី២៤ ខែមករា មកនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនាមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានរបស់ឥណ្ឌា មុននឹងចូលរួមកិច្ចប្រជុំកំពូលពិសេសនៃទំនាក់ទំនងអាស៊ាន-ឥណ្ឌាលើកទី២៥, អញ្ជើញចូលរួមអបអរសាទរទិវាសាធារណរដ្ឋឥណ្ឌា ហើយនៅថ្ងៃចុងក្រោយគឺថ្ងៃទី២៧ ខែមករា ម្សិលមិញនេះ សម្តេចតេជោ បានចាប់ផ្តើមទស្សនកិច្ចផ្លូវការ។

សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរៀបចំទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតពីសំណាក់រដ្ឋាភិបាលឥណ្ឌា។ សេះរាប់សិបក្បាលត្រូវបានយកមកជិះអមរថយន្ត ខណៈដែលកម្រាលព្រំក្រហម ដ៏វែងអន្លាយត្រូវបានក្រាលទទួលដំណើររបស់សម្តេច ជាមួយនឹងការឈរបដិសណ្ឋារកិច្ចពីកងកិត្តិយសនៃកងទ័ពឥណ្ឌា។

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានស្វាគមន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយទឹកមុខញញឹមញញែមបង្ហាញពីភាពសប្បាយរីករាយបំផុត ចំពោះវត្តមានមេដឹកនាំប្រទេសដែលជាមិត្តភក្តិដ៏យូរលង់ក្នុងតំបន់អាស៊ីមួយនេះ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ហើយក៏បានជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោក ស្រ៊ី រ៉ាម ណាត កូវិនដ៏ ប្រធានាធិបតីឥណ្ឌា និងលោក ស្រ៊ី ម. វ៉េនកៃអាហ៍ ណៃឌូ អនុប្រធានាធិបតីឥណ្ឌា។ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអនុញ្ញាតឲ្យលោកស្រី ស៊ូសម៉ា ស្វារ៉ាជ រដ្ឋមន្រ្តីការបរទេសឥណ្ឌា និង លោក រ៉ាស៊ី គន្ធី កូនប្រុសអតីតនាយករដ្ឋមន្រ្តីឥណ្ឌា លោក ម៉ាន់ ម៉ូហាន់ស៊ីង ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបជាមួយមេដឹកនាំរបស់ឥណ្ឌា ការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការពង្រីកទំហំពាណិជ្ជកម្ម និងការជំរុញអ្នកទេសចរណ៍មកកាន់ប្រទេសកម្ពុជា គឺសុទ្ធសឹងជាប្រធានបទដ៏សំខាន់។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដោយទទូចដល់ឥណ្ឌា ដែលជាប្រទេសមានការរីកចម្រើនខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះ ឲ្យបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា ហើយក៏ចង់ឃើញឥណ្ឌាផ្តល់បច្ចេកវិទ្យាលើវិស័យដទៃទៀត ជាពិសេសវិស័យកសិកម្ម ដើម្បីជួយដល់កសិករ។

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឥណ្ឌា អនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៤ត្រូវបានចុះហត្ថលេខារួមមាន ១៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស, ២៖ សន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ, ៣៖ កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងទី៤៖ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦,៩២លានដុល្លារអាមេរិកសម្រាប់គម្រោង អភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។

ក្នុងជំនួបពិភាក្សានោះ ឥណ្ឌាក៏បានផ្តល់ឥណទានសម្បទាន ២០លានដុល្លាអាមេរិក សម្រាប់ការសាងសង់ខ្សែបញ្ជូនអគ្គិសនីនៅកម្ពុជា។ ជាទម្លាប់របស់សម្តេចតេជោ ហ៊ុន សែន រាល់ពេលបំពេញទស្សនកិច្ចនៅក្រៅប្រទេសតែងឆ្លៀតពេលជួបធុរកិច្ចជននៅតាមបណ្តាប្រទេសទាំងនោះ ដើម្បីផ្សព្វផ្សាយ និងស្វែងរកការវិនិយោគបន្ថែមនៅកម្ពុជា។

ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយធុរកិច្ចជន និងអ្នកវិនិយោគល្បីរបស់ឥណ្ឌាផងដែរ ដើម្បីផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីសក្តានុពលមួយចំនួនដែលអាចឲ្យអ្នកវិនិយោគឥណ្ឌា ទៅវិនិយោគនៅកម្ពុជាបាន ដូចជាវិស័យទេសចរណ៍, ព័ត៌មានវិទ្យា IT, Computer, software, កសិកម្ម និងវិស័យផ្សេងៗទៀត។

ជារួមមកក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌាលើកទី៥របស់សម្តេចតេជោ ហ៊ុន សែន បានទទួលលទ្ធផលដ៏ល្អប្រសើរ និងបាននាំមកនូវសមិទ្ធផលជាច្រើនសុទ្ធសឹងជាប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ជាពិសេសជំរុញឲ្យចំណងទំនាក់ទំនងកម្ពុជា-ឥណ្ឌាកាន់តែល្អប្រសើរ។

សូមបញ្ជាក់ដែរថា ចាប់តាំងពីភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ ចាប់តាំងពីឆ្នាំ១៩៨១ រហូតមកដល់បច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌាចំនួន៤លើករួចមកហើយ។ ទស្សនកិច្ចលើកទី១នៅឆ្នាំ១៩៨១, លើកទី២ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០០ និងលើកទី៣ ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែធ្នូឆ្នាំ២០០៧ និងលោកទី៤ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ឥណ្ឌា ពីថ្ងៃទី២០-២១ខែធ្នូ ឆ្នាំ២០១២។

ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ការនាំចូលពីឥណ្ឌាមកកាន់កម្ពុជាក្នុងឆ្នាំ២០១៦ មានទឹកប្រាក់ជាង ៨៩លានដុល្លារ ឯការនាំចេញពីកម្ពុជាទៅកាន់សាធារណរដ្ឋឥណ្ឌា មានទឹកប្រាក់ជាង ២២លានដុល្លារ។ ទំហំវិនិយោគទុនឥណ្ឌានៅកម្ពុជាពីឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ២០១៦ មាន ១០៨លានដុល្លារ ក្នុងនោះឆ្នាំ២០១៦ មាន ២០លានដុល្លារ និងឆ្នាំ២០១៧ មាន ៤,៥លានដុល្លារ។

សម្រាប់វិស័យទេសចរណ៍វិញ ក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរណ៍ឥណ្ឌាមកកាន់កម្ពុជា មានជិត ៥ម៉ឺននាក់ ហើយឆ្នាំ២០១៧កន្លងទៅមានជិត ៦ម៉ឺននាក់ កើនជិត ៣០ភាគរយបើធៀបឆ្នាំ២០១៦។

ខាងក្រោមជាអត្ថបទទាក់ទងនឹងដំណើរបំពេញទស្សនកិច្ចលើកទី៥នៅក្នុងប្រទេសឥណ្ឌា៖

កម្រាលព្រំក្រហមដ៏វែងអន្លាយស្វាគមន៍ដំណើរបុរសខ្លាំងរបស់កម្ពុជា លើទឹកដីយក្សសេដ្ឋកិច្ចលំដាប់ទី៥ លើពិភពលោក (Video inside) 

ដើម្បីភាពរីកចម្រើនរបស់ជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បន្តស្នើវិនិយោគិនឥណ្ឌា មកវិនិយោគនៅកម្ពុជា 

សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាឱ្យបញ្ជូនអ្នកសង្កេតការ មកចូលរួមពិនិត្យតាមដាន ការបោះឆ្នោតនៅកម្ពុជា 

នាយករដ្ឋមន្រ្តីឥណ្ឌា សន្យាធ្វើទស្សនកិច្ចនៅកម្ពុជាខាងមុខនេះ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ 

រដ្ឋាភិបាលឥណ្ឌា ឯកភាពផ្តល់ឥណទានសម្បទាន២០លានដុល្លាអាមេរិក សម្រាប់ការសាងសង់ ខ្សែបញ្ជូនអគ្គិសនីនៅកម្ពុជា 

មេដឹកនាំកំពូល កម្ពុជា-ឥណ្ឌា អំពាវនាវឱ្យពិភពលោករួមគ្នាកម្ចាត់ភេរវកម្ម គ្រប់ទម្រង់ និងគ្រប់រូបភាព 

កម្ពុជា-ឥណ្ឌា ចុះកិច្ចព្រមព្រៀងចំនួន៤ ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសឥណ្ឌា 

ក្រសួងការបរទេស ប្រកាសលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌា 

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន-ឥណ្ឌា អញ្ជើញទស្សនាក្បូនព្យុហយាត្រា នៃទិវាសាធារណរដ្ឋរបស់ឥណ្ឌា 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយ ប្រធានាធិបតីឥណ្ឌា និងមេដឹកនាំអាស៊ានទាំង១០ 

សម្តេចតេជោ ហ៊ុន សែន៖ ឥណ្ឌារីកចម្រើនខ្លាំងលើវិស័យបច្ចេកវិទ្យា ដែលកម្ពុជាអាចសិក្សារៀនសូត្រ ដើម្បីក្លាយជា e-government និង e-people 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាគម្រោងផលិតផលបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបឥណ្ឌា  

មេដឹកនាំអាស៊ាន-ឥណ្ឌា ប្តេជ្ញាអនុវត្តសកម្មភាពជាដៃគូ សម្រាប់សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរួម ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព 

ស្វែងយល់ពីប្រទេសឥណ្ឌា ទីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំពេញដំណើរទស្សនកិច្ច