(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងភរិយា​ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ បានផ្ញើលិខិតចូលរួមរំលែកនូវមរណទុក្ខ ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលកំពុងមានទុក្ខយ៉ាងក្រៀមក្រំដោយសារមរណភាពរបស់ឧបាសក គង់ ខាត់ ត្រូវជាបិតាក្មេករបស់សម្តេច សាយ ឈុំ។

ក្នុងលិខិតចូលរួមរំលែកទុក្ខ លោក អ៉ឹម ឈុនលឹម បានចាត់ទុកមរណភាពរបស់ឧបាសក គង់ ខាត់ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌។

សូមជម្រាបថា ឧបាសក គង់ ខាត់ ដែលជាឪពុកក្មេករបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាព នៅវេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។ ឧបាសក គត់ ខាត់ ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ូ ស៊ាន ភរិយាសម្តេចសាយឈុំ ហើយការទទួលមរណភាពនេះ ដោយសារជរាពាធ។

សពរបស់មហាឧបាសក គង់ ខាត់ ត្រូវតម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដង្ហែសពនឹងប្រព្រឹតទៅនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕