(ភ្នំពេញ)៖ ក្នុងថ្ងៃអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប បានផ្ញើសារគោរពជូនពរដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងបញ្ញាញាណ និងកម្លាំងកាយពលយ៉ាងខ្លាំងក្លា ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ជាពិសេសរំដោះប្រទេសចេញពីបនប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សែនឃោរឃៅ។
ក្នុងសារជូនពរនេះ លោក អ៉ឺង ប៊ុនហ៊ូវ បានគោរពជូន សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង សម្តេច សាយ ឈុំ សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៌ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ដ៏ធំធេងថ្មីៗថែមទៀត៕