(កែប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៦ នៅក្នុងខេត្តកែប។
ក្នុងពិធីបុណ្យសមុទ្រក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង: អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ» សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីជំរុញកំណើនទេសចរណ៍នៅកម្ពុជា។ ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរួមគ្នារក្សាសុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ដោយមិនត្រូវឲ្យបរទេស ឬ ក្រុមណាមួយមកបំផ្លាញសុខសន្តិភាពនេះឡើយ។
ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗមួយចំនួន ដែលសម្តេចបានថ្លែងក្នុងពិធីបុណ្យសមុទ្រ ដែលជាពិធីដ៏មានសារៈសំខាន់សម្រាប់ជំរុញទេសចរណ៍របស់កម្ពុជា៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យសមុទ្រមិនមែនជាបញ្ហាដាច់ដោយឡែករបស់ខេត្តជាប់ឆ្នេរនីមួយៗនោះទេ តែក៏ជាឱកាសជួបជុំប្រចាំឆ្នាំធំមួយ។ ក្នុងនោះមានការតាំងបង្ហាញផលិតនានា ជាការបង្ហាញឲ្យឃើញពីការវិវឌ្ឍន៍របស់ប្រទេសជាតិ។
* សម្តេចតេជោ បានថ្លែងថា សម្តេចពិតជារីករាយដែលបានចូលរួមពិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបនាឆ្នាំនេះ។
* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកែប ដែលបានប្រឹងប្រែងរួមគ្នា ដើម្បីរៀបចំពិធីបុណ្យសមុទ្រប្រកបដោយភាពល្អប្រសើរ។
* សម្តេចតេជោ បានថ្លែងថា ពិធីបុណ្យសមុទ្រ និងការដាក់បង្ហាញផលិតផលនានាបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាប្រទេសដកដង្ហើមតាមប្រទេសដទៃនោះទេ តែកម្ពុជាអាចដកដង្ហើមដោយខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា សម្តេចពិតជាមានមោទនភាពជាមួយការឃើញនូវវត្តមានផលិតផលមកពីតាមបណ្តាខេត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទេសចរណ៍បាននាំមកនូវការងារ នាំមកនូវការបង្កើតមុខរបរ និងនាំមកនូវប្រាក់ចំណូល ហើយទេសចរណ៍បានជំរុញនូវការនាំចេញនៅនឹងកន្លែង។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចមានមោទនភាពនូវអ្វីដែលកម្ពុជាសម្រេចបាន បើទោះបីស្ថិតក្នុងនាមជាប្រទេសក្រីក្រី តែបានបង្ហាញថាកម្ពុជាស្ថិតនៅលើស្ថានភាពជាម្ចាស់ខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នេរសមុទ្រដ៏ស្រស់ស្អាត គឺជាការបំពេញបន្ថែមលើវិស័យទេសចរណ៍ប្រាង្គប្រាសាទ ដែលបន្សល់ទុកពីដូនតាខ្មែរ។
* សម្តេចតេជោ បានថ្លែងថា ដើម្បីជំរុញកំណើនភ្ញៀវទេសចរត្រូវធានាឲ្យមាននូវវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព និងអវត្តមានជាអចិន្ត្រៃយ៍នូវសង្គ្រាម និងកលយុគ។ គ្មានទេសចរណ៍ណាប្រថុយប្រថានទៅកាន់ប្រទេសមានសង្គ្រាមដូចមជ្ឈិមបូព៌ានោះទេ។
* សម្តេចតេជោ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងមូលត្រូវរួបរួមគ្នាការពារនូវសុខសន្តិភាពដែលរកមកបានដោយលំបាក មិនត្រូវឲ្យប្រទេស ឬក្រុមណាមួយមកបំផ្លាញសន្តិភាពទោះក្នុងលក្ខខណ្ឌណាក៏ដោយ។
* សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មានសន្តិភាពទើបមានការអភិវឌ្ឍ មានសិទ្ធិមនុស្ស និងមានអ្វីៗគ្រប់បែបយ៉ាងទាំងអស់។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងជំរុញបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ មានអាកាសយានដ្ឋាន ផ្លូវ ទឹកស្អាត សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ឲ្យមានការតភ្ជាប់ផ្លូវអាកាស និងផ្លូវដែកពីប្រទេស និងតំបន់នានាក្នុងប្រទេសមកកាន់ខេត្តតំបន់ឆ្នេរ ដើម្បីទទួលបានភ្ញៀវទេសចរកាន់តែច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវធ្វើឲ្យតំបន់ឆ្នេរក្លាយជាតំបន់គ្រឿងញៀន និងកន្លែងអុកឡុកនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងជំរុញឲ្យមានការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ និងស្នើសណ្ឋាគារយកចិត្តទុកដាក់ទិញដំណាំរបស់កសិករ។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងជំរុញឲ្យមន្ត្រីកសិកម្ម បង្កើនការបណ្តុះបណ្តាលជំនាញដាំដុះដល់ប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងជំរុញឲ្យបង្កើនធ្វើសម្ភារៈអនុស្សាវរីយ៍ផ្សេងៗ ដើម្បីលក់ឲ្យភ្ញៀវទេសចរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថាក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តកែប នាម៉ោង ១៩៖៥៦នាទី៕