(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដែលជាសាកលវិទ្យាល័យឈានមុខមួយនៅកម្ពុជា បានចាប់ដៃគ្នាជាមួយសាកលវិទ្យាល័យ SUN MOON របស់កូរ៉េខាងត្បូង ដើម្បីពង្រីក និងពង្រឹងការអប់រំដល់និស្សិតឲ្យកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ពិធីចុះអនុស្សារណៈដើម្បីផ្តើមកិច្ចសហប្រតិបត្តិការរួមគ្នាលើវិថីនៃការអប់រំនេះ បានធ្វើឡើងរវាងលោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យ CUS ជាមួយលោក Hwang Sun Jo សាកលវិទ្យាធិការសាកលវិទ្យាល័យ SUN MOON នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។
លោកបណ្ឌិត ស្តើង សុខុម បានថ្លែងក្នុងពេលចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានោះថា ក្នុងបេសកកម្មអប់រំរយៈពេលជាង១៦ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យ CUS បានខិតខំប្រឹងប្រែងគ្រប់សកម្មភាពទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ក្នុងគោលបំណងសម្រេចឲ្យបាននូវការកសាងមូលធនបញ្ញាប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈល្អប្រពៃសម្រាប់និស្សិតរបស់ខ្លួន។
លោកសាកលវិទ្យាធិការបន្តថា CUS បានដាក់ចេញនូវទិសដៅអាទិភាពការងាររបស់ខ្លួនគឺ «ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា» ដោយឈរលើមូលដ្ឋាននេះធ្វើឲ្យសាកលវិទ្យាល័យមានការរីកចម្រើនជាបន្តបន្ទាប់។
បណ្ឌិត ស្តើង សុខុម ក៏បានបញ្ជាក់ដែរថា កន្លងមកសាកលវិទ្យាល័យបានចុះអនុស្សរណៈ ជាមួយស្ថាប័ននានាក្នុងស្រុកជិត ៥០០ក្រុមហ៊ុន/ ស្ថាប័ន និងសាកលវិទ្យាល័យ វិទ្យាស្ថាននានា ជាច្រើនដូចជា ប្រទេសកូរ៉េ ចិន ជប៉ុន អាឡឺម៉ង ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពីន ចក្រភពអង់គ្លេស បង់ក្លាដែស អ៉ីស្រាអែល វៀតណាម និងបណ្តាប្រទេសនានាមួយចំនួនទៀត ជាពិសេសនៅថ្ងៃនេះជាមួយ SUN MOON UNIVERSITY សាធារណរដ្ឋកូរ៉េ។
លោកបានឲ្យដឹងថា តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការនេះសាកលវិទ្យាល័យ បានបញ្ជូននិស្សិតទៅសិក្សាសាកលវិទ្យាល័យនៅប្រទេសកូរ៉េ និងបានបញ្ជូនបុគ្គលិកទៅទស្សនកិច្ចដកស្រង់បទពិសោធន៍នៅសាកលវិទ្យាល័យមួយចំនួន បានសហការរៀបចំការធ្វើបទបង្ហាញ សិក្ខាសាលា សន្និសីទ ទស្សនកិច្ចសិក្សា កម្មសិក្សា និងការផ្តល់អាហារូបករណ៍ដល់និស្សិតជាដើម។
លោក ស្តើង សុខុម បានគូសបញ្ជាក់ផងដែរថា តាមរយៈអនុស្សារណៈនេះ និស្សិត និងសាស្រ្តាចារ្យអាចធ្វើទស្សនកិច្ចសិក្សា ឬទៅបន្តការសិក្សានៅ ប្រទេសកូរ៉េបាន ដោយកន្លងមកមាននិស្សិតមួយចំនួនក៏បានទៅធ្វើទស្សនកិច្ចសិក្សា និងទទួលបាននូវ អាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ហើយពួកគេបានត្រឡប់មកវិញជាមួយលទ្ធផលដ៏ជោគជ័យដែលទទួលបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព ដើម្បីចូលរួមចំណែក ព្រមទាំងចែករំលែកបន្ទុករបស់រាជរដ្ឋាភិបាលកក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការសង្គម និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនថែមទៀត។
ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានោះ លោក Hwang Sun Jo បានធ្វើបទឧទ្ទេសនាមលើប្រធានបទ «Promote the exchange programs in teaching, training, and leadership development and educational technologies»។ ចំណែកលោក Lee Kyung Oh មន្ត្រីការិយាល័យទំនាក់ទំនងកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ ក៏បានធ្វើបទបង្ហាញស្តីពី « Introduction to Sun Moon University» ដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតដែលបានចូលរួមប្រមាណ ២៥០នាក់បានឈ្វេងយល់ផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ CUS មាន៨ទីតាំង ដែល២ទីតាំងនៅរាជធានីភ្នំពេញ និង ៦ទីតាំងទៀតនៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មាននិស្សិតកំពុងសិក្សាជិតពីរម៉ឺននាក់ក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ។
តាមការធ្វើអង្កេតរបស់ការិយាល័យទីផ្សារ និងគាំពារនិស្សិតក្នុងឆ្នាំសិក្សារបស់សាលាបានបង្ហាញថា និស្សិតដែលបានបញ្ចប់ការសិក្សា និងនិស្សិតកំពុងសិក្សាមានការងារធ្វើរហូតដល់ជាង៨០% ហើយឆ្នាំថ្មីនេះសាកលវិទ្យាល័យទទួលបានកំណើននិស្សិតថ្មីប្រមាណ ១៦%។ លទ្ធផលនេះបានបង្ហាញថានិស្សិត CUS ទទួលបានការងារធ្វើក្នុងអត្រាមួយខ្ពស់សម្រាប់ការងារទីផ្សារក្នុងប្រទេស៕