(កែប)៖ នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ស្ថិតនៅផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

អគារសិក្សានេះមានចំនួន ១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អគារសិក្សានេះកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ក្នុងអំឡុងពេលដែលសម្តេចតេជោ អញ្ជើញមកសំណេះសំណាលជាមួយមន្ត្រីរាជការនៅក្នុងខេត្តកែប។

ក្រៅពីផ្តល់អគារសិក្សា សម្តេចតេជោ ហ៊ុន សែន ក៏ផ្តល់អគារទីចាត់ការមួយខ្នង និងកន្លែងលេងកីឡាផងដែរ។

របាយការណ៍របស់ក្រសួងអប់រំ បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើដំណើរចុះតាមបណ្តាខេត្តនាឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាសរុប ៣៦៨ខ្នង ស្មើនិង ៤,១៩៤បន្ទប់ ជួសជុលអគារសិក្សា ២៧ខ្នង ស្មើនិង ១០១បន្ទប់ និងសាលប្រជុំ ៣ខ្នង។ របាយការណ៍បន្តថា គិតដល់ត្រឹមខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អគារសិក្សាសរុប ៤,១៤០ខ្នង ស្មើនិង ២៤,១០៥បន្ទប់៕