(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការតស៊ូប្រយុទ្ធអស់រយៈពេលជិត៤ខែមក ការប្រកួតបាល់ទាត់តំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យប្រចាំនៅរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ជាស្ថាពរ និងបានប្រារព្ធពិធីបិទការប្រកួតនៅដើមខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងបរិវេណវិទ្យាល័យបាក់ទូក។
ពិធីបិទការប្រកួតត្រូវបានធ្វើឡើងក្រោមបរិយាកាសសប្បាយរីករាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, លោក ឡាយ គឹមលី នាយករងខុទ្ទការល័យឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន, លោក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងលោក លោកស្រី លោកនាយក លោកនាយករង សិស្សានុសិស្សសាលាបាក់ទូកជាច្រើនពាន់នាក់ និងមានវត្តមាន លោក លោកស្រី អតីតសិស្សទសវត្សរ៍៨០ និងព្រឹទ្ធាចារ្យអតីតគ្រូបង្រៀនសាលាបាក់ទូកជាច្រើននាក់ទៀត។
ព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍មួយនេះគឺជាលើកទី២ហើយ ដែលលើកទី១ បានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៦ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអនុញ្ញាតិពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជាផងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភ គាំទ្រពេញទំហឹង រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងលើកស្ទួយវិស័យបាល់ទាត់កម្ពុជា រឹតចំណងសាមគ្គីភាពរវាងយុវជន និងអូសទាញយុវជនងាកមកស្រឡាញ់និងលេងកីឡាតាំងចិត្តថាទេចំពោះគ្រឿងញៀន។
កម្មវិធីនៃការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់យុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលមកសិក្សានៅរាជធានីភ្នំពេញ រដូវកាលទី២នេះ បានចាប់ផ្តើមឡើងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧មក ដោយធ្វើការប្រកួតវិលជុំតែក្នុងថ្ងៃចុងសប្តាហ៍ និងមានកីឡាករ០៩ក្រុម តំណាងស្រុកក្រុងទាំង០៩ ក្នុងខេត្តបន្ទាយមានជ័យចូលរួមប្រកួតប្រជែងគ្នា ដោយចែកចេញជា ០២ពូល ។
គ្រប់ពេលដែលមានកម្មវិធីជួបជុំ គេតែងឃើញឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកការ៉េម នំប៉័ង ទឹកសុទ្ធ មកចែកគ្រប់គ្នា បរិភោគប្រកបដោយភាពស្និតស្នាលបំផុត។ លើកនេះក៏មិនខុសពីពេលមុន ការ៉េម ៣៦០០ដើម នំប៉័ង២០០០ដើម ទឹកសុទ្ធជាង១០០កេស បានតម្រៀបត្រៀបត្រាចែកដល់សិស្សានុសិស្ស និងលោក លោកស្រី ភ្ញៀវចូលរួមទាំងអស់ ចែកគ្នាបរិភោគយ៉ាងសប្បាយរីករាយគ្រប់ៗគ្នា។
ក្រោយទស្សនាការប្រកួតចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភដល់ក្រុមកីឡាករ ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន ១លានរៀល, លេខ២ ចំនួន៨០ម៉ឺនរៀល, លេខ៣ ចំនួន៥០ម៉ឺនរៀល និង៦ក្រុមទៀត ដែលមិនមានចំណាត់ថ្នាក់ ទទួលបាន ការលើកទឹកចិត្តក្នុង១ក្រុមចំនួន ៤០ម៉ឺនរៀល។
ក្រៅពីនេះលោក រ័ត្ន ស្រ៊ាង បានដោះស្រាយជួយឧបត្ថម្ភដល់ គណកម្មការរៀបចំការប្រកួត០៥នាក់ ចំនួន១លានរៀល, ក្រុមកាយឬទ្ធិចំនួន ៤០ម៉ឺនរៀល, កីឡាករជម្រើសជាតិដែលជ្រើសរើសចេញពីខេត្តបន្ទាយមានជ័យ៧នាក់ ចំនួន១លាន៦សែនរៀល, គ្រូជំនួយជម្រើសជាតិដែលជ្រើសរើសចេញពីខេត្តបន្ទាយមានជ័យម្នាក់ ៤០ម៉ឺនរៀល ព្រមទាំងចំណាយលើការរៀបកម្មវិធី ទាំងស្រុងតាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់ សរុបជាទឹកប្រាក់អស់ជាង៣០លានរៀល។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានឧបត្ថម្ភបន្ថែម ដល់ក្រុមកីឡាករទាំង០៩ក្រុងស្រុកនៃខេត្តបន្ទាយមានជ័យ ក្នុង១ក្រុម១០០ដុល្លារផងដែរ។
ងាកមកក្រៅកម្មវិធីបិទការប្រកួតកីឡាបាល់ទាត់នេះវិញ បងប្អូនអ្នកចូលរួមទស្សនាហាក់មានការចាប់អារម្មណ៍ ជាមួយសកម្មភាព របស់លោក លោកស្រី អតីតសិស្ស និង អតីតគ្រូ នៃសាលាបាក់ទូកមួយក្រុម ដែលបាននាំគ្នាដើរទស្សនា បន្ទប់សិក្សា ដែលពួកគាត់ធ្លាប់បានរៀន កាលពីទសវត្សរ៍ទី៨០ រំលឹកអនុស្សាវរីយ៍ និងសម្តែងកាយវិកាសិស្សសាលាយ៉ាងសប្បាយរីយរាយ។ ពួកគាត់មួយក្រុមនេះ គឺជាមិត្តរួមជំនាន់ ដែលបានប្រមូលផ្តុំគ្នា ចងក្រងជាក្រុមក្នុងបណ្តាញទំនាក់ទំនងសង្គម ទាំងអ្នកនៅក្នុងស្រុក និងក្រៅប្រទេស ក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិក ក្រោមការផ្តួចផ្តើមគំនិតរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងគោលបំណងរឹតចំណងមិត្តភាព ដឹងពីសុខទុក្ខគ្នា ជួយទុក្ខធុរៈគ្នាពេលជួបការលំបាក និងបានរួមគ្នាជួយកសាងអភិវឌ្ឍន៍ សមិទ្ធិផលជាច្រើនក្នុងសាលាបាក់ទូកដែលពួកគាត់ធ្លាប់បានរៀន ដែលនេះគឺជាគំរូគួរឲ្យចាប់អារម្មណ៍មួយ សម្រាប់ក្មួយៗ សិស្សប្អូនជំនាន់ក្រោយយកទៅអនុវត្តតាមគ្រប់ៗគ្នា៕