(ភ្នំពេញ)៖ សមាគមខ្មែរនៅអូស្ត្រាលីចំនួន៥ បានផ្ញើសារលិខិតដាច់ដោយឡែកពីគ្នាចំនួនពីរច្បាប់ជូនទៅលោក Scott Ryan ប្រធានព្រឹទ្ធសភា និងលោក Tony Smith ប្រធានរដ្ឋសភាប្រទេសអូស្ត្រាលី ដើម្បីបញ្ជាក់ជំហរ និងមូលហេតុនៃសេចក្តីសម្រេចរបស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។

ក្នុងលិខិតដែលធ្វើឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដែល Fresh News ទើបទទួលបាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ សមាគមខ្មែរនៅអូស្ត្រាលីទាំង៥ បានបញ្ជាក់ប្រាប់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាអូស្ត្រាលីថា ការសម្រេចរបស់តុលាការកំពូល គឺជាបុព្វសិទ្ធរបស់កម្ពុជាក្នុងការអនុវត្តច្បាប់របស់ខ្លួន ដើម្បីធានាថា ដំណើរការលទ្ធិប្រជាធិបតេយ្យត្រូវបានគោរព។

ផ្ទុយពីសមាគមខ្មែរមួយចំនួនដែលកំពុងសម្តែងប្រតិកម្ម និងគ្រោងធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់តុលាការកំពូលកម្ពុជានោះ សមាគមខ្មែរអូស្ត្រាលីទាំង៥ បានការពារយ៉ាងមុតមាំចំពោះការសម្រេចរបស់តុលាការកំពូលកម្ពុជា ហើយបានលើកបង្ហាញនូវទិដ្ឋភាពច្បាប់ និងមូលហេតុជាច្រើនទៀត ដែលនាំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ថ្នាក់ដឹកនាំគណបក្សមួយនេះមិនឲ្យធ្វើសកម្មភាពនយោបាយចំនួន ៥ឆ្នាំ។

សមាគមទាំង៥បានបង្ហាញការប្តេជ្ញាចិត្តមុតមាំគាំទ្រការសម្រេចរបស់តុលាការកំពូលកម្ពុជា «យើងខ្ញុំសូមប្រកាន់ខ្ជាប់ និងគោរពគោលការណ៍របស់ប្រទេសដែលប្រកាន់យកនូវនីតិរដ្ឋ ដើម្បីធានាបាននូវការបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈយន្តការនៃការអនុវត្តច្បាប់ដ៏តឹងតែង ដើម្បីធានារក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិភាព សណ្តាប់ធ្នាប់ សង្គម សម្រាប់ប្រជាជាតិ និងសង្គមកម្ពុជា»

ឃ្លាចុងក្រោយនៃលិខិតនេះ សមាគមខ្មែរទាំង៥បានបញ្ជាក់ថា ការរៀបចំធ្វើបាតុកម្មរបស់ខ្មែរនៅអូស្ត្រាលីមួយចំនួន ពុំបានឆ្លុះបញ្ចាំងនូវទស្សនៈ ឬ គំនិតរួមរបស់ប្រជាពលរដ្ឋខ្មែរអូស្ត្រាលីទាំងមូលនោះឡើយ៕