(ភ្នំពេញ)៖ សារព្រមានបិទទីផ្សារ និងបញ្ឈប់ការអនុគ្រោះពន្ធសម្រាប់សម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ពីសហគមន៍អឺរ៉ុបកំពុងនាំឲ្យសហជីពធំៗនៅកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង។ សហជីពធំៗ ចំនួន៥ផ្សេងទៀត បានស្នើសុំសហភាពអឺរ៉ុបកុំព្យាយាមទាញភ្ជាប់បញ្ហានយោបាយនៅកម្ពុជា ជាមួយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាពិសេសកុំបិទទីផ្សារសម្លៀកបំពាក់ និងស្បែក ជើងរបស់កម្ពុជា ដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០ម៉ឺននាក់ កំពុងពឹងអាស្រ័យលើឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនេះ។

សហជីពធំៗទាំង៥ ដែលបានស្នើសុំសហភាពអឺរ៉ុបកុំបញ្ឈប់ការអនុគ្រោះពន្ធ ឬបិទទីផ្សារសម្រាប់សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានេះ រួមមាន៖ សហភាពចលនាកម្មករកម្ពុជា CCW របស់លោក ប៉ាវ ស៊ីណា, សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចពលរដ្ឋកម្ពុជា CDPLA របស់លោក កេន ឆេងឡាង, សម្ព័ន្ធសហជីពចលនាកម្មករ CUMW របស់លោក ហត់ ឡូត, សមាគមអ្នកបម្រើការងារតាមផ្ទះ ADW និងសម្ព័ន្ធសហជីពការងារឯករាជ្យ ILUC។

សំណើរបស់សហជីពធំៗទាំង៥នេះ បានធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប កំពុងបង្ហាញប្រតិកម្មខ្លាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា រហូតចង់ដាក់ទណ្ឌកម្មដោយការបញ្ឈប់ការអនុគ្រោះពន្ធសម្រាប់ការនាំចូលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ឬអាចឈានទៅបិទទីផ្សាររបស់ខ្លួនសម្រាប់សម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា។

លិខិតដាក់ជូនលោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងសហជីពទាំង៥ បានបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេយ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នា ដែលតំណាងឲ្យកម្មករនិយោជិតគ្រប់វិស័យនៅកម្ពុជា ពិតជាមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសារព្រមានរបស់សហគមន៍អឺរ៉ុប ក្នុងការដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបញ្ឈប់ការអនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ និងបញ្ឈប់ការលើកលែងពន្ធលើការនាំចេញផលិតផលផ្សេងៗទៀត ពីកម្ពុជាទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប វាជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភបំផុត ចំពោះផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរ ដែលមួយភាគធំពឹងផ្អែកលើវិស័យទាំងនេះ»

ទន្ទឹមនឹងបង្ហាញការព្រួយបារម្ភសហជីពធំៗទាំង៥នេះ ក៏បានដាក់សំណើចំនួន ៣ចំណុចផងដែររួមមាន៖

១. នៅតែបន្តការនាំចូលផលិតផលសម្លៀកបំពាក់កាត់ដេរ និងស្បែកជើង រួមទាំងផលិតផលផ្សេងៗពីកម្ពុជាចូលទីផ្សារសហគមន៍អឺរ៉ុប ដោយអនុគ្រោះពន្ធ។
២. បន្ថែមការបញ្ជាទិញពីកម្ពុជា ឲ្យកាន់តែច្រើនជាងមុន ដើម្បីផ្តល់ឱកាស និងបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជា។
៣. បន្តពង្រឹង និងពង្រីកការទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុប ឲ្យកាន់តែមានភាពល្អប្រសើរជាងមុន។

សហជីពទាំង៥ បានសង្ឃឹមថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នឹងពិចារនូវសំណើទាំងនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរឲ្យកាន់តែមានភាពល្អប្រសើរ។

សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ហើយក្នុងនោះសហគមន៍អឺរ៉ុប គឺជាបណ្តុំនៃប្រទេសជាច្រើន ដែលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនប្រទេសកម្ពុជា។ បច្ចុប្បន្នវិស័យកាត់ដេរ និងស្បែកជើង គឺជាវិស័យមួយដ៏សំខាន់ ដែលបានជំរុញឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០ម៉ឺននាក់។ ផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងប្រមាណ ៨០ភាគរយ ត្រូវបាននាំចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលក្នុងនោះនាំចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបចន្លោះពី ៤០ភាគរយ ទៅ៥០ភាគរយ។

ឆ្លើយសារព្រមានបិទទីផ្សារ និងបញ្ឈប់ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញនេះ សហជីពធំៗចំនួន៤ ក៏បានសុំសហភាពអឺរ៉ុប អាមេរិក និងអ្នកបញ្ជាទិញទាំងឡាយកុំបញ្ឈប់ការអនុគ្រោះពន្ធ និងបញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើងពីប្រទេសកម្ពុជាផងដែរ៕