(ភ្នំពេញ)៖ មានកូនខ្មែរបច្ចុប្បន្នច្រើនណាស់មិនបានយល់ពីការប្រើប្រាស់កាលបរិច្ឆេទចន្ទគតិ ដែលជាក្បួនខ្នាតរបស់ខ្មែរពីបុរាណកាលនោះទេ គឺចេះចាំតែការប្រើកាលបរិច្ឆេទតាមសុរិយគតិ ដោយសារតែខ្មែរបានរស់ក្រោមអាណានិគមន៍បារាំងយ៉ាងយូររហូតដល់៩០ឆ្នាំ(១៨៦៣-១៩៥៣)។ ការដាក់អាណានិគមន៍នេះ បារាំងបង្ខំខ្មែរឲ្យប្រើតែកាលបរិច្ឆេទសុរិយគតិប៉ុណ្ណោះ ជាហេតុធ្វើឲ្យកូនខ្មែរលែងចេះប្រើកាលបរិច្ឆេទចន្ទគតិ ដែលជាក្បួនខ្នាតបុរាណខ្មែរ។

កូនខ្មែរមួយចំនួនបាននាំគ្នារអ៊ូរទាំថា ការប្រើកាលបរិច្ឆេទចន្ទគតិមានភាពស្មុគស្មាញ និងលំបាក។ តាមពិតទៅការប្រើប្រាស់កាលបរិច្ឆេទតាមចន្ទគតិមិនលំបាកទេ តែដោយសារខ្មែរយើងប្រើតាមសុរិយគតិយូរពេក ទើបមើលឃើញ ការប្រើកាលបរិច្ឆេទចន្ទគតិរបស់ខ្លួនថាលំបាក។

ពាក្យបុរាណខ្មែរមានពាក្យមួយឃ្លាថា «វប្បធម៌រលត់ ជាតិក៏រលាយ វប្បធម៌ពណ្ណរាយ ជាតិក៏ថ្កើនថ្កានដែរ»។ ពាក្យមួយឃ្លានេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា ជាតិសាសន៍មួយគឺគេសម្គាល់បានទៅលើវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នេះហើយ ដូច្នេះកូនខ្មែរគ្រប់រូបគួរមានមោទនភាពនូវអ្វីដែលបុព្វបុរសខ្មែរ ដូនតាខ្មែរបន្សល់ទុកឲ្យ ហើយគួរប្រឹងប្រែងថែរក្សា ដើម្បីជាតិខ្មែរបានគង់វង្ស ហើយត្រូវរួមគ្នាចែកចាយផ្សព្វផ្សាយឲ្យបរទេសបានដឹងផងដែរ ដើម្បីវប្បធម៌ខ្មែរសាយភាពទៅកាន់ពិភពលោកបានកាន់តែខ្លាំង។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅពេលថ្មីៗនេះ បានចេញជាគោលការណ៍ឲ្យតាមក្រសួងស្ថាប័នប្រើកាលបរិច្ឆេទចន្ទគតិតាមលិខិតរដ្ឋបាល ដើម្បីឲ្យកូនខ្មែរបានស្គាល់ការប្រើប្រាស់កាលបរិច្ឆេទជារបស់ខ្មែរ។

ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ អង្គភាពព័ត៌មាន Fresh News សូមយកសៀវភៅ៖ «អតីតប្រតិទិន ចន្ទគតិ-សុរិយគតិ» របស់លោកសាស្ត្រាចារ្យ លី សុវីរ បោះពុម្ភនៅឆ្នាំ២០១១ មកបង្ហាញកូនខ្មែរ ដើម្បីសិក្សាស្វែងយល់ពីប្រើប្រាស់កាលបរិច្ឆេទតាមចន្ទគតិ៕