(សៀមរាប)៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជីក្រែង ខេត្តសៀមរាប បានជំរុញឲ្យមន្ត្រីមូលដ្ឋានកែលម្អឡើងវិញនូវចំណុចអសកម្ម និងរួមគ្នាអភិវឌ្ឍន៍បម្រើផលប្រយោជន៍ជូនពលរដ្ឋ។ លោក សៀក សុជាតិ ថ្លែងជំរុញបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាង ២០០នាក់ មកពីឃុំទាំង១២ របស់ស្រុកជីក្រែង នាព្រឹកថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៧នេះ។

នៅក្នុងពិធីសំណេះសំណាលនោះ លោក សៀក សុជាតិ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរស្រុករួចមក ក៏បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមលើកឡើងពីបញ្ហាប្រឈមនានា ដែលកើតមានកន្លងមក ដើម្បីកែទម្រង់ពីខុស ឲ្យទៅជាល្អឡើងវិញ។

ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបញ្ជាក់ថា ក្នុងនាមជាមន្រ្តីដ៏ល្អ ដែលបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ ត្រូវផ្សារភ្ជាប់មនោសញ្ចេតនាការងារ និងជីវភាពរស់នៅជាមួយសមាជិកគណបក្ស និងមហាជនតាមមូលដ្ឋាន តាមរយៈការជំរុញកំណែទម្រង់វេទិការសាធារណៈ ការចិញ្ចឹមចលនា ការជួយដោះស្រាយទុក្ខកង្វល់ និងការលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដូចជា៖ ការកសាងផ្លូវ វត្តអារាម ស្តារប្រឡាយ បូមទឹក ចុះជួយប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិ ខ្វះទឹក ប្រើប្រាស់ គ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ និងមានជម្ងឺផ្សេងៗជាដើម។

ជាមួយនោះឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានលើកឡើងពីសភាពការណ៍នយោបាយថ្មីៗ ដែលកើតមានឡើងនៅក្នុងប្រទេស ពិសេសចលនាបដិវត្តន៍ពណ៌ ដែលបង្កឡើងដោយមេដឹកនាំបក្សប្រឆាំង ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តបន្ត ដើម្បីអភិវឌ្ឍន៍ភូមិឃុំឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ឈានទៅដណ្តើមបាននូវប្រជាប្រិយភាព និងទទួលបានជ័យជំនះក្នុងការបោះឆ្នោតសកលនាឆ្នាំ២០១៨ខាងមុខនេះ៕