(ភ្នំពេញ)៖ ខួប៦៤ឆ្នាំនៃការដណ្តើមបានឯករាជ្យពីបារាំង (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៧) ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ពិធីអបអរសាទរនេះ ត្រូវបានធ្វើឡើងនៅវិមានឯករាជ្យ ដែលជានិមិត្តរូបនៃការទាមទារបាននូវឯករាជ្យពីបារាំង។

ការប្រារព្ធពិធីបុណ្យឯករាជ្យនាព្រឹកថ្ងៃនេះ គេសង្កេតឃើញមាយការអញ្ជើញចូលរួមផងដែរ ពីប្រមុខដឹកនាំស្ថាប័នកំពូលៗរបស់ជាតិរួមមាន៖ សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី មន្រ្តីរាជការមកពីតាមក្រសួងស្ថាប័ននានា ព្រមទាំងប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រះមហាក្សត្រខ្មែរ នឹងយាងអុជបំភ្លឺភ្លើងជ័យនៅក្នុងវិមានឯករាជ្យ អមជាមួយនឹងការបង្ហោះប៉េងប៉ោងអបអរសាទរការទាមទារឯករាជ្យ និងសិទ្ធិសេរីភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជាពីអណានិគមន៍បារាំងកាលពី៦៤ឆ្នាំមុន។

ក្នុងថ្ងៃបុណ្យឯករាជ្យជាតិនេះ មន្រ្តីរាជការនៅគ្រប់ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏មានការប្រារព្ធពិធីអបអរសាទរការទទួលបានឯករាជ្យនេះផងដែរ។ ទាំងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធី ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្តាញសង្គម Facebook បានចេញមកបង្ហាញអារម្មណ៍រីករាយ និងអបអរសាទរគ្រប់ៗគ្នានៅក្នុងថ្ងៃដែលខ្មែរដណ្តើមបានឯករាជ្យពីបារាំងនេះ។

សូមទស្សនាការផ្សាយបន្តផ្ទាល់របស់អង្គភាព Fresh News ពីទូរទស្សន៍ជាតិ៖