(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី បាននិយាយថា វោហាស័ព្ទគំរាមធ្វើសង្រ្គាមរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកទឹកចិត្តឱ្យ កូរ៉េខាងជើងកាន់តែបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ។ ការថ្លែងបែបនេះធ្វើឡើងនៅចំពេលលោកត្រាំ កំពុងបំពេញដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់តំបន់អាស៊ី។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមលោក ចន ឃែរី អាកប្បកិរិយារបស់លោក ដូណាល់ ត្រាំ បច្ចុប្បន្នបានធ្វើឱ្យកូរ៉េខាងជើង មើលឃើញថា អាវុធនុយក្លេអ៊ែរគឺពិតជាមានសារៈសំខាន់ជាទីបំផុត។ អតីតរដ្ឋ មន្ត្រីការបរទេសអាមេរិករូបនេះ បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ CNN ដូច្នេះថា៖ «វោហាស័ព្ទគំរាមធ្វើសង្រ្គាមរបស់លោក ដូណាល់ ត្រាំ បានជំរុញឱ្យកូរ៉េខាងជើង ហើប មាត់និយាយថា យើងត្រូវការអាវុធនុយក្លេអ៊ែរ ព្រោះបើគ្មានវាទេនោះ យើងនឹងមិនសមត្ថភាពការពារខ្លួនឯងឡើយ»។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរ កូរ៉េខាងជើងជាថ្មីម្ដងទៀត បានអះអាងឡើងវិញថាខ្លួននឹងនៅតែបន្តពង្រឹង និងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្ត ធ្វើសកម្មភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕