(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ព្រះរាជបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ជាឱកាសដ៏វិសេសវិសាលសម្រាប់កូនចៅ យុវជនខ្មែរជំនាន់ក្រោយបានស្គាល់នូវពិធីបុណ្យរបស់ប្រទេសជាតិ ហើយក៏ជាឱកាសឲ្យទេសចរបរទេសបានស្គាល់នូវវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជាផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់នៅទំព័រ Facebook នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះទៀតថា ក្នុងព្រះរាជពិធីបុណ្យអុំ អកអំបុក និងសំពះព្រះខែរយៈពេល៣ថ្ងៃនេះ នឹងមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមកពីតាមបណ្តាខេត្ត។ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាថែរក្សាសន្តិភាព ដើម្បីកម្ពុជាមានឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូកដ៏អធិកអធម្មនេះឡើង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «នេះក៏ជាឱកាសដ៏វិសេសវិលសាល ដើម្បីកូនចៅយុវជនជំនាន់ក្រោយបានស្គាល់នូវពិធីបុណ្យប្រពៃណីរបស់ប្រទេសជាតិ ហើយទន្ទឹមនឹងនោះដែរ ទេសចរបរទេសក៏បានស្គាល់នូវវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជាផងដែរ។ ក្នុងរយៈពេល៣ថ្ងៃនេះ សូមបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន ចូលរួមកម្សាន្តសប្បាយរីករាយគ្រប់ៗគ្នា។ អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីយើងទាំងអស់គ្នាមានឱកាសប្រារព្ឋព្រះរាជពិធីអុំទូកដ៏អធិកអធម្មនេះឡើង»។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានជូនពរដល់ប្រជាពលរដ្ឋខ្មែរ ដែលមានដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនេះ បានជួបតែសុខសុវត្ថិភាពតាមផ្លូវគ្រប់ៗគ្នា៕