(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទី នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាជនខ្មែរ បន្តការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីពង្រឹងចង្វាក់ផលិតកម្មជាតិ សំដៅបង្កើតឱកាសការងារជូនប្រជាជន និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ» ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលវិមានសុភមង្គលស្ទឹងមានជ័យ រាជធានីភ្នំពេញ ។

ពិធីនេះក៏មានអញ្ជើញចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងសហគ្រាសធុនតូច និងធម្យម ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានកោតសរសើរចំពោះការផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញនូវយុទ្ធនាការទិញផលិតផលខ្មែរ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបំផុសឱ្យពលរដ្ឋកម្ពុជា ចូលរួមប្រើប្រាស់ផលិតផលខ្មែរ ជំនួសផលិតផលនាំចូលពីបរទេស។ លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា តាមរយៈការរៀបចំ និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មជាតិ និងអន្តរជាតិ បានធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា មានកំណើនកាន់តែប្រសើររៀងរាល់ឆ្នាំ។

ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំដោយជោគជ័យនូវយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី១ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ។ សម្រាប់រដូវកាលទី២នេះ ហើយក្រសួងនឹងបន្តធ្វើឱ្យបាននៅក្នុងខេត្ត-ក្រុងចំនួន ៤ទៀត ដើម្បីទាក់ទាញការគាំទ្រច្រើនពីប្រជាជន ចំពោះផលិតផលខ្មែរ។

សូមបញ្ជាក់ថា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មថ្ងៃនេះ មានក្រុមហ៊ុនចូលរួមចំនួន ១៩៤ក្រុមហ៊ុន និងមានស្តង់លក់សរុបចំនួន ២០០ស្តង់ ហើយក្នុងនោះ ក៏មានរៀបចំសិក្ខាសាលា កម្មវិធីជំនួបពិភាក្សារវាងអ្នកផលិត-អ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញ-អ្នកប្រើប្រាស់ផលិតផលខ្មែរ ព្រមទាំងការប្រគុំតន្ត្រី ដែលមានការចូលរួមសម្តែងពីសិល្បករ និងសិល្បការនីល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕