(រតគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ បានចេញញត្តិថ្កោលទោសយ៉ាងខ្លាំងៗ ចំពោះសម្ដី សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងរត់គេចខ្លួន នៅជ្រកកោននៅបរទេស ដែលបានប្រកាសអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្តរតនគិរី បានប្រឆាំងដាច់ខាត ហើយអះអាងទៀតថា បើសិនមិនកម្ចាត់ជនក្បត់ជាតិនៅពេលនេះទេ នោះសង្គ្រាមនឹងកើតឡើងជាក់ជាមិនខានឡើយ ព្រោះតែបុគ្គល សម រង្ស៊ី និង កឹម សុខា ព្រមទាំងបណ្ដាញរបស់ពួកគេនោះ។

លោក ថង សាវុន បានប្រកាសយ៉ាងដូច្នេះថា «បើមិនកម្ចាត់ជនក្បត់ជាតិនៅពេលនេះទេ សង្គ្រាមប្រាកដជាកើតឡើងជាក់ជាមិនខាន ដល់ពេលនោះប្រជាពលរដ្ឋកម្ពុជា ប្រាកដជានឹងស្លាប់រាប់ពាន់រាប់ម៉ឺននាក់ ដោយសារការផ្ទុះសង្គ្រាមដែលកើតចេញពីទង្វើរបស់ក្រុមក្បត់ជាតិទាំងនោះ ដូច្នេះហើយការចាត់វិធានការទាន់ពេលវេលាចំពោះអំពីក្បត់របស់សម​ រង្ស៊ី និង កឹម សុខា គឺជាភាពឈ្លាសវៃប្រកបដោយស្មារតីទទួលខុសត្រូវបំផុតចំពោះជាតិ និងប្រជាជនរបស់សម្តេចតេជានាយករដ្ឋមន្ត្រី»

លោក ថង សាវុន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកការរីកចម្រើនឥតឈប់ឈរ មានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសុខសន្តសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នា បន្តថែរក្សាតម្លៃនៃសុខសន្តិភាពនេះ ឱ្យបានគង់វង្ស និងរួមគ្នាអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនប្រសើរឡើងថែមទៀត។

ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពីវិដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាលជាភស្តុតាងថ្មីមួយទៀតដែលលោក សម រង្ស៊ី ប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។ (សូមស្តាប់ការលើកឡើងរបស់លោក សម រង្ស៊ី ខាងក្រោម)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

តើប្រជាជនកម្ពុជា យើងអាចដឹងបានទេថា នៅពេលនោះវាអាចនឹងមានអ្វីកើតឡើងរវាង អ្នកការពារដ្ឋធម្មនុញ និងអ្នកបំផ្លាញរដ្ឋធម្មនុញ្ញពោលគឺរវាងអ្នកការពារ របបរាជានិយម និងអ្នកផ្តួលរលំរបបរាជានិយមនោះ គឺសង្គ្រាមស៊ីវិលនឹងកើតឡើងចៀសមិនផុត ដើម្បីការពាររាជានិយម ការពាររដ្ឋធម្មនុញ្ញ។ តើប្រជាពលរដ្ឋចង់ បានសង្គ្រាមរបៀបនេះទៀតទេ គឺគ្មានទេ។ តើអ្នកណាចង់បានគឺមានតែ សម រង្សី កឹម សុខា នឹងបក្សពួកក្រោមខ្សែញាក់របស់ចក្រពត្តិអាមេរិកតែប៉ុណ្ណោះ។

ដូចនេះវិធានការទប់ស្កាត់ទាន់ពេលវេលារបស់សម្តេចតេជោ ក្នុងនាមនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ខ្លួនមេក្លោង កឹម សុខា នឹងវិធានការណ៍ទាំងឡាយ ដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា គឺជាការត្រឹមត្រូវបំផុតដែលប្រជាជន និងប្រជាជាតិកម្ពុជាសូមគាំទ្រយ៉ាងពេញទំហឺង៕