(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភីនៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុប ៥,៨០៨នាក់ ក្នុងនោះនារី ២,១៣៤នាក់មកពីគ្រប់សាខានៅទូទាំងប្រទេស។

និស្សិតជយលាភី ដែលនឹងត្រូវទទួលសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ រួមមាន៖ និស្សិតថ្នាក់បរិញ្ញាបត្ររងចំនួន ៧៧៥នាក់ (នារី ២៤២នាក់), និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៤,១០៩ នាក់ (នារី ១ ៧៤២នាក់), និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៩២០ នាក់ (នារី ១៤៩នាក់) និង និស្សិតថ្នាក់បណ្ឌិត ចំនួន ០៤ នាក់ (នារី ០១នាក់)។

សាកលវិទ្យាល័យឯកទេសនៃកម្ពុជា គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅកម្ពុជា និងទទួលបានជោគជ័យខ្លាំងលើការបណ្តុះបណ្តាលរបស់ខ្លួន។ គិតចាប់តាំងពីឆ្នាំសិក្សា២០០៣-២០០៤ មកដល់ឆ្នាំសិក្សា២០១៦-២០១៧ និស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យឯកទេស នៃកម្ពុជា សរុបចំនួន ៣១,៨២៦នាក់(នារី៨,៦២១នាក់) ហើយបានធ្វើពិធីប្រគល់សញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ចំនួន ៥លើករួចមកហើយ (២០០៧, ២០១០, ២០១២, ២០១៤ និង ២០១៦)។

របាយការណ៍របស់សាលាបានគូសបញ្ជាក់ថា ទាំងនិស្សិតបញ្ចប់ការសិក្សាជំនាន់មុនៗ និងនិស្សិតជយលាភីដែលទើបបញ្ចប់ការសិក្សា អ្នកមានការងារធ្វើសរុបចំនួន ៩៧,១៧% និងអ្នកមិនទាន់មានការងារធ្វើចំនួន ២,៨៣%។ ក្នុងចំណោមអ្នកមានការងារធ្វើទាំង៩៧,១៧% មាន៥០,៣៣%បម្រើការងារក្នុងស្ថាប័នរដ្ឋ ៤៩,៦៧% បម្រើការងារក្នុងវិស័យឯកជននានា ដែលក្នុងនោះ១៥,៥១%ប្រកបអាជីវកម្មផ្ទាល់ខ្លួន។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមសាកលវិទ្យាល័យធំៗ CUS មានថ្លៃសិក្សាសមរម្យជាងគេ និងមានការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានគុណភាព សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈសម្បត្តិល្អ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា CUS មានការរីកចម្រើនខ្លាំង ដោយមានសាខា និងទីតាំងទាំងអស់ចំនួន៩ និងមានកំណើននិស្សិតដល់ជិតពីរម៉ឺននាក់ កំពុងសិក្សាក្នុងឆ្នាំសិក្សា២០១៥-២០១៦នេះ។

សាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការនិងចុះអនុស្សរណៈយោគយល់ (MOU) ជាមួយស្ថាប័ន ក្រុមហ៊ុន អង្គការជិត៥០០ ដើម្បីបង្កលក្ខណៈឲ្យនិស្សិត ចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ ការបង្កើតមុខរបររបស់និស្សិតក្រោយ បញ្ចប់កាសិក្សា របស់ខ្លួន៕