(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានស្នើសូមឲ្យគ្រប់សាស្រ្ដាចារ្យ និងទន្ដពេទ្យទាំងអស់ គោរពច្បាប់ស្ដីពីការគ្រប់គ្រង់វិជ្ជាជីវៈ វិស័យសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីលើកម្ពស់សីលធម៌ សេចក្ដីថ្លៃថ្នូរ និងភាពសុចរិត ក្នុងការប្រកបវិជ្ជាជីវៈទន្ដសាស្រ្ដ និងលើកម្ពស់គុណភាព ប្រសិទ្ធភាព នៃការព្យាបាល។
ការស្នើនេះធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី សន្និសីទទន្ដសាស្រ្ដអន្ដរជាតិលើកទី៩ និងការតាំងពិព័រណ៍សម្ភារៈទន្ដសាស្រ្ដ ឱសថសាស្រ្ដ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ។
លោករដ្ឋមន្រ្ដីបានថ្លែងឲ្យដឹងថា «ដោយស្ថិតនៅក្នុងឧត្តមគតិ និងវិជ្ជាជីវៈ សូមសាស្រ្ដាចារ្យ ទន្ដបណ្ឌិត ទន្ដពេទ្យទាំងអស់ ចូលរួមគោរពច្បាប់ ស្ដីពីការគ្រប់គ្រង់វិជ្ជាជីវៈ វិស័យសុខាភិបាល ដោយឈរលើភាពខ្លាំង និងខ្សោយ ដែលយើងទទួលបានកន្លងមក ការអនុវត្តន៍គោលនយោបាយថ្នាក់ជាតិ។ ខ្ញុំមានជំនឿចិត្តថា វិស័យទន្ដពេទ្យ និងសម្រេចបានសមទ្ធិផលជាច្រើនបន្ថែមទៀត តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងអង្គន្និសីទទន្ដសាស្រ្ដអន្ដរជាតិលើកទី៩ សម្រាប់អនុវត្តន៍ឲ្យប្រពៃ នៅឆ្នាំ២០១៨ខាងមុខ ក៏ដូចជាឆ្នាំក្រោយៗទៀត»។
លោកបានបញ្ជាក់ទៀតថា «ខ្ញុំសូមឲ្យទន្ដពេទ្យទាំងអស់បន្ដ ខិតខំប្រកបដោយសីលធម៌ និងមនសិកាវិជា្ជជីវៈ ដើម្បីផ្ដល់ឲ្យគណៈទន្ដពេទ្យកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល មានមោទនភាពប្រកបដោយក្ដីសង្ឃឹម ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកលោកស្រី សាស្រ្ដចារ្យទាំងអស់ ដែលបានខិតខំជួយដល់ប្អូនៗជាបន្ដបន្ទាប់ និងការអភិវឌ្ឍន៍លើ វិស័យទន្ដសាស្រ្ដ»។
លោកបានបន្ដទៀតថា ការពង្រឹងគុណភាពនៃការផ្ដល់សេវាទន្ដសាស្រ្ដ គឺជាភារកិច្ចស្នូលនៃប្រព័ន្ធសុខាភិបាល ផ្នែកទន្ដសាស្រ្ដ ជាការគិត និងភារកិច្ចស្នូលរបស់សាស្រ្ដាចារ្យ ទន្ដបណ្ឌិតគ្រប់ៗរូប។ វិស័យទន្ដពេទ្យ ទន្ដសាស្រ្ដ ជាចំណែកមួយនៃវិស័យសុខាភិបាល ដែលបានរួមចំណែកយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា តាមរយៈការរលើកកម្ពស់សុខភាពមាត់ធ្មេញ ដើម្បីពង្រឹងនៃការទ្រទ្រង់រាងកាយរបស់មនុស្ស ដែលផ្ដល់សុខភាពកាន់តែប្រសើឡើង និងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមយ៉ាងពេញទំហឹង ក្នុងសកម្មភាពលើកស្ទួយលើជីវភាពរស់នៅ ឲ្យកាន់តែល្អប្រសើរឡើង៕