(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំពាវនាវទៅដល់ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានា អនុញ្ញាតឲ្យនារីខ្មែរ-ឥស្លាម អាចចូលបម្រើការងារដោយស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេ ដោយមិនស្លៀកឯកសណ្ឋានកំណត់ដោយក្រុមហ៊ុន។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីតាមរោង ចក្រសហគ្រាសនានានៅក្នុងខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីបានស្តាប់នូវការត្អូញត្អែរមួយចំនួនរបស់និស្សិតស្រ្តីខ្មែរ-ឥស្លាមពីការលំបាករបស់ពួកគេក្នុងការស្វែងរកការងារធ្វើនៅ តាមក្រុមហ៊ុន ព្រោះក្រុមហ៊ុនតម្រូវឲ្យស្លៀកឯកសណ្ឋាន ដែលខុសពីប្រពៃណីរបស់ពួកគេ។

ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មានព័ត៌មាន Fresh News នាដើមខែកញ្ញា ក្នុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់វិឥស្លាមនៅក្នុងខេត្ត កំពុងចាមនិស្សិតខ្មែរ-ឥស្លាម ដែលទើបបញ្ចប់ការសិក្សាផ្នែកគណនេយ្យ កញ្ញា អាដាម លីម៉ា បានថ្លែងថា ពេលកញ្ញា ទៅដាក់ពាក្យបម្រើការងារនៅតាមក្រុមហ៊ុន ឯកជននានា គឺខាងក្រុមហ៊ុនតែងតម្រូវឲ្យកញ្ញាស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន។

កញ្ញា លីម៉ា បានបញ្ជាក់យ៉ាងដូច្នេះ «គេតម្រូវឲ្យយើងស្លៀកពាក់ឯកសណ្ឋាន តាមគេ ព្រោះអីបុគ្គលិកគេទាំងអស់ត្រូវពាក់ដូចៗគ្នា។ អ៊ីចឹងទៅគេឲ្យយើងដោះក្រមា ឬស្លៀកខ្លី ដូច្នេះពួកខ្ញុំធ្វើអត់បាន»។

លីម៉ា រំពឹងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន នឹងជួយសម្របសម្រួល និងមានការបន្ធូរបន្ថយ ឲ្យនិស្សិតនារីខ្មែរ-ឥស្លាម អាចបម្រើការងារដោយមិនស្លៀកខ្លី និងអាចទទូរក្រម៉ាបាន ព្រោះតែសាសនារបស់ឲ្យពួកគេ ស្លៀកពាក់បិទបាំងរៀងកាយឲ្យជិត។

សម្តេចតេជោ ហ៊ុន សែន បានស្នើសុំការយោគយល់ពីសំណាក់ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ចំពោះនារីខ្មែរ-ឥស្លាម ខណៈដែលរាជរដ្ឋាភិបាលបានផ្តល់ការអនុគ្រោះជាច្រើនសម្រាប់ពួកគេរួចទៅហើយ ដូចជាការឲ្យចូលរៀនដោយមិនស្លៀកឯកសណ្ឋានសាលា និងអាចថតរូបទទូក្រមាជាដើម។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះ «សូមអំពាវនាវម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន តើអាចធ្វើទៅបានទេ ដែលផ្តល់ឱកាសឲ្យស្រ្តីដែលជាជនជាតិឥស្លាមស្លៀកពាក់តាមរបៀបឥស្លាម។ រាជរដ្ឋាភិបាល បានផ្តល់នូវការអនុញ្ញាតសម្រាប់និស្សិត សិស្ស ជាស្រ្តីឥស្លាម ដើម្បីចូលទៅសិក្សានៅតាមគ្រឹះស្ថានសិក្សានានា ដោយស្លៀកពាក់តាមតម្រូវការរបស់ខ្លួន ជាការស្លៀកពាក់តាមឯកសណ្ឋានរបស់សាលា ឬស្លៀកពាក់តាមរបៀបឥស្លាម»។

កញ្ញា អាដាម លីម៉ា បានសម្តែងការរីករាយជាខ្លាំង បន្ទាប់ពីបានទទួលព័ត៌មាននៃការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។ កញ្ញា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏គួរឲ្យគោរព ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនខ្មែរ-ឥស្លាមទូទៅ។

លីម៉ា ក៏រំពឹងមុតមាំថា ម្ចាស់ក្រុមហ៊ុននៅកម្ពុជា នឹងអនុគ្រោះដល់ពួកគេ ហើយអនុវត្តន៍តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន៕

ខាងក្រោមជាវីដេអូដែលនិស្សិតខ្មែរ-ឥស្លាម បានត្អូញត្អែរពីការលំបាករកការងារធ្វើ ព្រោះតែក្រុមហ៊ុនតម្រូវឲ្យស្លៀកឯកសណ្ឋាន៖