(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយពិនិត្យជាលើកចុងក្រោយលើរបាយការណ៍របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែវិច្ឆិកា ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ការរាយការណ៍ដោយកម្ពុជា អំពីគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ជាកាតព្វកិច្ចរបស់កម្ពុជាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក ជាពិសេសកិច្ចព្រមព្រៀងម៉ារ៉ាកេស ប្រទេសម៉ារុក។ យន្តការត្រួតពិនិត្យគោលនយោបាយនេះ គឺដើម្បីពង្រឹងតម្លាភាពនៃគោលនយោបាយ ច្បាប់ និងបញ្ញត្តិនានារបស់ប្រទេសជាសមាជិក ក្នុងការចូលរួមការធ្វើឲ្យរឹតតែប្រសើរនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ក្រោយពីបានពិភាក្សា ផ្លាស់ប្ដូរមតិ និងព័ត៌មានក្រោយមក អង្គប្រជុំបានកំណត់ថារបាយការណ៍ដែលបង្ហាញជូនមានលក្ខណៈសមស្រប។ ចំពោះមតិបន្ថែម លោករដ្ឋមន្ត្រី ស្នើសុំឲ្យតំណាងអន្តរក្រសួងនីមួយៗ បញ្ជូនបន្ថែមនៅពេលក្រោយ ដើម្បីក្រុមការងារធ្វើការបូកសរុបបញ្ចប់៕