(ព្រះសីហនុ)៖ ដើម្បីបង្កើនសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលធ្វើទៅដំណើរនៅតាមកោះផ្សេងៗក្នុងខេត្តព្រះសីហនុនោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស នាវាដឹកភ្ញៀវកម្សាន្ដតាមកោះឲ្យមានប្រុងប្រយ័ត្នកាន់តែខ្ពស់។
ប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក និងនគរបាលទេសចរណ៍ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានយន្ត និងណែនាំដល់ម្ចាស់ជលយាន ដឹកភ្ញៀវទេសចរធ្វើដំណើរកម្សាន្ដតាមកោះ ឲ្យមានការប្រុងប្រយ័ត្នទាំងលក្ខណៈបច្ចេកទេសជលយានយន្ត និងពោងសុវត្ថិភាព ជៀសវាងមានហានិភ័យផ្សេងៗកើតឡើង ដោយសារការធ្វេសប្រហែស។
លោកវរសេនីយ៍ទោ ខឹម សុផល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ គិតគូរអំពីសុវត្ថិភាពភ្ញៀវទេសចរណ៍ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុ បានរំលឹកឲ្យសមត្ថកិច្ចជំនាញ តាមដានការវិវត្តន៍ប្រែប្រួល នៃអាកាសធាតុ និងចុះណែនាំផ្ទាល់ ដល់ម្ចាស់ជលយានឲ្យប្រុងប្រយ័ត្នគ្រប់ពេលវេលា កុំឲ្យមានការធ្វេសប្រហែសឲ្យសោះ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញានេះ មានភ្ញៀវទេសចរទៅកម្សាន្ដតាមបណ្តាកោះ រហូតដល់៩៤៨នាក់ ក្នុងនោះបរទេស៦៥៧នាក់៕