(កំពង់ស្ពឺ)៖ រថយន្ដព្រូស១គ្រឿង បានបុកម៉ូតូ១គ្រឿងពេញទំហឹង ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សេចក្ដីរាយការណ៍បឋមពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដព្រូស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AF-6082 ដែលអ្នកជិះក្នុងរថយន្ដនោះជាប្ដីប្រពន្ធនឹងគ្នា បានធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿង ដែលជិះបញ្ច្រាសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប៉ុន្ដែទោះជាយ៉ាងណា អត្ដសញ្ញាណរបស់អ្នកបើកបរ និងជនរងគ្រោះមិនទាន់ត្រូវបានសមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះថាកំពុងធ្វើកំណត់ហេតុ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងធ្វើការវាស់វែង ដើម្បីយកវត្ថុតាងទាំង២ទៅរក្សាទុកដោះស្រាយតាមច្បាប់៕