(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ វិទ្យុអាស៊ីសេរី (RFA) បានប្រកាសជាផ្លូវការអំពីការផ្អាកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដែលបានដំណើរការអស់រយៈពេលជិត២០ឆ្នាំរបស់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅលើគេហទំព័ររបស់អាស៊ីសេរី។
បើតាមលោក រដ្ឋា វិសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានទម្លាយប្រាប់ឲ្យដឹងថា វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាស្ងាត់ៗ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ហើយបែងចែកឱ្យបុគ្គលិករបស់ខ្លួនទាំងអស់នៅកម្ពុជា ធ្វើការរៀងៗខ្លួននៅផ្ទះ ដោយបញ្ជូនព័ត៌មានផ្ទាល់ទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
បើតាមលោក រដ្ឋា វិសាល បុគ្គលិកវិទ្យុអាស៊ីសេរីប្រចាំនៅខេត្តរតនគិរី បាននិយាយថា ក្រោយបិទការិយាល័យនេះ បុគ្គលិកអាស៊ីសេរីទាំងអស់នៅកម្ពុជា បានបញ្ចប់កិច្ចសន្យាជាបណ្តោះអាសន្ន ហើយនឹងបន្តរៀបចំកុងត្រាថ្មីតាមការស្ម័គចិត្ត នៅពេលក្រោយដោយធ្វើការផ្សេងៗគ្នាដើម្បីបញ្ចូនព័ត៌មានទៅទីក្រុងវ៉ាស៊ីនតោន។
លោកបានបន្តថា វិទ្យុអាស៊ីសេរី បានអះអាងថា មូលហេតុដែលបិទការិយាល័យដែលមិនទាន់ចុះបញ្ជី នៅកម្ពុជានេះគឺថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី មិនចង់ឱ្យមានគំនាបតទៅទៀត។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ការបិទរបស់អាស៊ីសេរីនេះ មិនបានពាក់ព័ន្ធជាមួយក្រសួងព័ត៌មាននោះទេ គឺជាការសម្រេចចិត្តផ្ទាល់របស់គាត់។ ប៉ុន្តែលោកថ្លែងថា វិទ្យុអាស៊ីសេរី មិនទទួលបានសិទ្ធិអនុញ្ញាតឱ្យបើកការិយាល័យ នៅកម្ពុជានៅឡើយទេ ហើយការបើកដោយលួចលាក់នោះ គឺជារឿងមិនត្រឹមត្រូវ។
ការសម្រចបិទការិយាល័យនេះ បានធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការតឹងរឹង ទៅលើស្ថាប័នព័ត៌មានមួយចំនួន ដែលមិនគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋ។ ជាមួយគ្នានេះកាសែត Cambodia Daily ក៏សម្រេចបិទស្ថាប័នរបស់ខ្លួននៅកម្ពុជាផងដែរ ក្រោយពេលមិនអាចបង់ពន្ធដែលជំពាក់រដ្ឋជាង៦លានដុល្លារបាន។
សូមជំរាបថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានផ្ញើលិខិត២ដាច់ដោយឡែកពីគ្នាទៅស្ថានីយ៍វិទ្យុសំបុកឃ្មុំ FM 105MHz និងស្ថានីយ៍វិទ្យុមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា 102MHz ដោយបង្គាប់ឲ្យបញ្ឈប់ការចាក់ផ្សាយនូវព័ត៌មានវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) តទៅទៀត។
តាមរយៈលិខិតរបស់លោក ខៀវ កាញារីទ្ធ បានបង្ហាញថា «វិទ្យុ RFA និង វិទ្យុ VOA នៅពុំទាន់បានចុះបញ្ជីការិយាល័យតំណាងស្របច្បាប់ នៅក្រសួងព័ត៌មាននៅឡើយទេ។ ដូច្នេះដើម្បីចៀសវាងការប្រព្រឹត្តិផ្ទុយពីគោលការណ៍ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងតម្រូវឱ្យវិទ្យុសំបុកឃ្មុំ បញ្ឈប់សកម្មភាពចាក់ផ្សាយពីវិទ្យុបរទេសទាំងពីរនេះ»។
សេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី បានបញ្ជាក់ថា អាស៊ីសេរីនឹងបន្តរាយការណ៍លើបញ្ហា និងព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងសង្គមកម្ពុជា ហើយនឹងបន្តផ្សព្វផ្សាយកម្មវិធីផ្សាយ សេចក្ដីរាយការណ៍ និងព័ត៌មាននានា នៅលើរលកធាតុអាកាសវិទ្យុកម្រិតទាប (SW) លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងគេហទំព័រ៕