(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានចេញប្រកាសថា នៅវេលាម៉ោង៩៖៣០នាទីព្រឹកស្អែកនេះ ពួកគេនឹងទៅជួបជុំ នៅមុខពន្ធនាគារត្រពាំងផ្លុង ទីដែលលោក កឹម សុខា កំពុងជាប់ឃុំឃាំងនៅទីនោះ ដោយសាររឿងក្បត់ជាតិ។

ប៉ុន្តែឆ្លើយតបភ្លាមៗ មកកាន់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិច ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រកាសថា កម្លាំងនគរបាលអន្តរាគមន៍ជិត២០០នាក់ និងកម្លាំងទាហានប្រមាណ១០០នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់ទីនោះហើយ និងបើចាំបាច់នឹងបន្ថែមកម្លាំងទៀត ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅពេលមានការជួបជុំណាមួយខុស​ច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «កម្លាំងយើងជិត២០០នាក់ បូកជាមួយកម្លាំងយោធា១០០នាក់ទៀត បានបញ្ជូនទៅកាន់ទីនោះហើយ ពីព្រោះយើងត្រូវរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនសង្គមជាតិ»

លោកស្នងការថា ការចូលជួបសួរសុខទុក្ខ ឬមិនបានចូលសួរសុខទុក្ខ ជាអាស្រ័យលើតុលាការ ហើយកម្លាំងសមត្ថកិច្ចមានតួនាទី និងភារកិច្ចការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ដោយឡែកលោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ខាងមន្រ្តីអនុរ័ក្សពន្ធនាគារ មានសិទ្ធិឲ្យចូលសួរសុខទុក្ខ អ្នកទោស ឬជនជាប់ចោទ លុះត្រាតែមានការលិខិតអនុញ្ញាតពីតុលាការ ដោយឡែកមន្រ្តីពន្ធនាគារ មិនមានសិទ្ធិនោះទេ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានបដិសេធមិនអនុញ្ញាត ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលជួបសូរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្ស នៅក្នុងពន្ធនាគារត្រពាំងថ្លុងនោះទេ ដោយលោកចៅក្រមពន្យល់ថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា។

សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី មូរ សុខហួរ បានសរសេរលិខិតទៅចៅក្រម គី ឬទ្ធី សុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ (ពន្ធនាគារត្រពាំងថ្លុង) នៅវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងលិខិតស្នើសុំនោះ ក្រៅពីលោកស្រី មូរ សុខហួរ រួមមាន លោក ប៉ុល ហំម តំណាងរាស្ដ្រមណ្ឌលតាកែវ លោក ស៊ុន ឆៃ តំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោក សួន សូរីដា តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ និងលោក គី វ៉ាន់តារា តំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង ដែលមានបំណងចូលសួរសុខទុក្ខលោក កឹម សុខា។

នៅក្នុងលិខិតជម្រាបជូនទៅ លោកស្រី មូរ សុខហួរ លោកចៅក្រម គី ឬទី្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារសំណុំរឿងកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា ហើយចៅក្រមមិនទាន់សាកសួរជនត្រូវចោទនៅឡើយ ហេតុនេះការចូលជួប ឬសួរសុខទុក្ខ អាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុមគ្រួសារ ជនត្រូវចោទដែលមិនទាន់ទិននៅក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអាចអនុញ្ញាតឲ្យបាន ក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនសិន... អាស្រ័យហេតុនេះ ការសុំចូលរួមសុខទុក្ខ លោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ វេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មិនអាចអនុញ្ញាតជូនបានទេ»